ភ្នំពេញ: ក្រោយផ្ទុះឡើងនៅក្នុងបណ្តាញសង្គម Facebook ករណី ចាប់ជនសង្ស័យជាស្រ្តីម្នាក់ កោរសក់ និងប្រើអំពើហិង្សា នៅក្នុងផ្សារព្រៃទារ ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលជាអំពើខុសទៅនឹងច្បាប់ ដូច្នេះហើយ លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានប្រាប់ដឹងថា លោកនឹងឲ្យកូនចៅរបស់លោក ធ្វើការស្រាវជ្រាវលើកករណីនេះ។
ដោយលោកអធិការបានបញ្ជាក់ថា ករណីនេះសមត្ថកិច្ចរបស់លោក កំពុងតែធ្វើការស្រាវជ្រាវដើម្បីឲ្យច្បាស់ថា ករណីនេះពិតជាកើតឡើងនៅក្នុងភូមិសាស្ត្ររបស់ពិតដែរឬទេ ហើយបើពិតមែននោះ សមត្ថកិច្ចនឹងធ្វើការ ដោយយោងទៅលើការសាកសួរ ហើយប្រសិនជាមានការផ្ទុះហិង្សារទៀតនោះ គឺជាការ រំលោភទៅលើសិទ្ធិបុគ្គល។
ក្នុងនោះដែរ លោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានធ្វើការសូមណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យប្រើហិង្សារនៅក្នុងករណីណាមួយដែលមិនទាន់ច្បាស់លាស់ ហើយប្រសិនបើជននោះ ជាជនសង្ស័យពិតមែន គួរតែដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីទុកឲ្យសមត្ថកិច្ចកសាងសំណុំរឿងទៅតុលាការវិញទើបត្រឹមត្រូវតាមច្បាប់៕