កំពង់ចាមៈ រថយន្តហ៊ីយ៉ាន់ដាយ ព្រលះរថយន្តសាំយ៉ុង បណ្ដាលឲ្យបុរសម្នាក់ គៀបស្លាប់ក្នុងរថយន្តភ្លាមៗនៅកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចំណុចបង្គោលគីឡូម៉ែត្រលេខ៧៩ ភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពងចាម។
សមត្ថកិច្ចស្រុកជើងព្រៃ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តម៉ាកហ៊ិនដាយ ពាក់ស្លាកលេខភ្នំពេញ ៣C-៨៣៨៥ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីត្បូងទៅជើង លុះមកចំណុចខាងលើបានរំលោភមកខាងឆ្វេងដៃ ហើយក៏បុកជាមួយរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខកំពង់ចាម ២A-៤៣៧៩ ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាឲ្យអ្នកបើកបរថយន្តសាំយ៉ុងគៀបស្លាប់ៗ រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំទាំង២គ្រឿង។
សមត្ថកិច្ចស្រុកជើងព្រៃ បន្តថា ជនរងគ្រោះដោយឈ្មោះ ធី វុត្ថា ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិកណ្តាល ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅធ្វើការវាស់វែង រួចអូសយករថយន្តទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់៕