ព្រះសីហនុៈ ក្លិបកម្សាន្តរបស់ជនជាតិចិនមួយកន្លែងត្រូវភ្លើងធូបផ្សាដំបូលធ្លាក់លើពិតានអេប៉ុង រាលឆាបឆេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចបញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្លិបកំសាន្តរបស់ជនជាតិចិនមួយកន្លែង ឈ្មោះ ENTERTAIMNENT CLUB (ដុងហ្វាង អិនធើធេនមិន ក្លិប) ជាប់កាស៊ីណូ ជីងបី ស្ថិតក្នុងក្រុម៩ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
កម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យខេត្ដព្រះសីហនុ សរុបចំនួន ៧១នាក់ បានចេញអន្តរាគមន៍សង្គ្រោះ ពន្លត់ភ្លើងភ្លាមៗ រហូតអគ្គិភ័យនេះបានរលត់ទាំងស្រុង នៅវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ។
តាមការឲ្យដឹងពីសមត្ថកិច្ចថា ករណីនេះបណ្តាលឲ្យខូចខាត សម្ភារ និងផ្នែកខាងក្នុងក្លិបទាំងស្រុង តែមិនមានមនុស្សគ្រោះថ្នាក់ឡើយ ។ មូលហេតុអគ្គិភ័យនេះ បណ្តាលមកពីជាងផ្សាដែកជួសជុលដំបូលក្លិប ធ្លាក់កម្ទេចធូបផ្សាលើពិតានអេប៉ុងរាលឆេះតែម្តង។
សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ គឺរថយន្ត អាវុធហត្ថខេត្ត ចំនួន ២គ្រឿង ប្រើប្រាស់ឡានទឹកអស់៥ឡាន និងរថយន្តស្នងការនគរបាលខេត្ត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់៨ឡាន ៕