header ads

Sponsor

ភក្ដី

(ស្វាយរៀង)៖ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលមុងសុវត្ថិភាពចំនួន ៥០០ និងអាវចំនួន ២០កេស ពីប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

បន្ទាប់ពីបញ្ចប់ពិធីប្រគល់ទទួលសម្ភារនេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចាស់ជរា ទីទ័លក្រ និងជនពិការ ចំនួន ៩៧គ្រួសារ មកពីសង្កាត់ទាំង០៧ ក្នុងក្រុងស្វាយរៀង ។ 

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេទ្រ និងលោកជំទាវអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមនៅថ្ងៃនេះ ដែលជានិច្ចកាលសម្ដេច លោកតែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង មិនថាជិត ឬឆ្ងាយនោះទេ បើទោះបីជាសម្ដេច លោកមិនបានអញ្ជើញមកដោយផ្ទាល់ ប៉ុន្តែលោកបានក្រើនរំលឹក ណែនាំ និងស្នើដល់សាខា អនុសាខាកាកបាទក្រហមកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែឧស្សាហ៍ចុះជួបជួយសង្គ្រោះ និងដោះស្រាយនូវបញ្ហារបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នៅពេលដែលបានដឹង ឮ និងទទួលព័ត៌មានថាមានបងប្អូនប្រជាពលរដ្ឋកំពុងជួបនូវការលំបាក ឆ្លើយតបទៅនឹងគោលគ្រឹះរបស់កាកបាទក្រហមកម្ពុជា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល ។

ជាមួយនេះ ឯកឧត្ដមអភិបាល និងលោកជំទាវអគ្គលេខាធិការរង ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះជារដូវភ្លៀង រដូវទឹកឡើង ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ លង់ទឹក សត្វអសិរពិសចឹក ឬខាំ ថែរក្សាសុខភាព រស់នៅមានអនាម័យ ត្រូវបរិភោគទឹកដាំពុះ គេងក្នុងមុងជានិច្ចដើម្បីកុំមូលខ្លា ឬមូសដែកគោលខាំអាចបណ្ដាលឲ្យមានជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់ជាដើម ហើយក្នុងករណីមានបញ្ហាអ្វីកើតឡើង ក្នុងគ្រួសារ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីមានវិធានការចុះអន្តរាគមន៍ជួយដោះស្រាយឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ អប់រំកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដោយឡែកស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពនៅតាមមណ្ឌលសុខភាពឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា ដើម្បីសុខភាពមាតា និងទារក ។

អំណោយដែលត្រូវចែកជូននៅថ្ងៃនេះ សម្រាប់គ្រួសារនីមួយៗ ទទួលបាន អង្ករ ៣០គ.ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេលជ័របត់ ១ មុងសុវត្ថិភាព ១ អាវយឺត ១  ឃីត១កញ្ចប់ (មុង ភួយ សារុង និងក្រមា) រួមនិងថវិកាធ្វើដំណើរ ៤០.០០០រៀល ដោយឡែកគ្រួសាររងគ្រោះដោយសារទឹកជំនន់ ២២ គ្រួសារ ទទួលបានបន្ថែមក្នុង ១ គ្រួសារ កៅស៊ូតង់ ចំនួន ១ ៕

ដោយ៖ភក្ដី
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post