ភ្នំពេញៈ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA លោក វន់ ពៅ ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញឲ្យចូលបំភ្លឺនៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ ក្នុងនាមជាសាក្សីពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ។ នេះបើយោងតាមដីកាកោះអញ្ជើញរបស់តុលាការ ដែលបានបញ្ជូនទៅឲ្យលោក វន់ ពៅ។
រហូតមកដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររយៈពេល១ឆ្នាំគត់ ពាក់ព័ន្ធបទក្បត់ជាតិលួចទាក់ទងជាសម្ងាត់ជាមួយអាមេរិក ដើម្បីផ្តួលរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
លោក កឹម សុខា ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេសតាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ។
យោងតាមក្រមព្រហ្មទណ្ឌ បទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។
ទោះបីជាមានការស្នើសុំនៅក្រៅឃុំជាច្រើនលើកច្រើនសារ តែទីបំផុតតុលាការគ្រប់ជាន់ថ្នាក់ បានបដិសេធសំណើនេះជាបន្តបន្ទាប់ ដោយអះអាងថា ការអនុញ្ញាតឱ្យលោក កឹម សុខា នៅក្រៅឃុំ គឺអាចប៉ះពាល់នីតិវិធី ទន្ទឹមដែលមេធាវីមិនយល់បែបនេះក៏ដោយ។
ព្រឹត្តិការណ៍ចុងក្រោយ ដែលអ្នកនយោបាយ និងបុគ្គលសំខាន់ៗមួយចំនួន ត្រូវបានតុលាការដោះលែងជាបន្តបន្ទាប់ ដែលអ្នកខ្លះត្រូវបានដោះលែងតាមសំណើរបស់នាយករដ្ឋមន្ត្រីក្តីនោះ មជ្ឈដ្ឋានជាច្រើនយល់ថា លោក កឹម សុខា អាចនឹងត្រូវដោះលែងដែរ។ ប៉ុន្តែទីបំផុត លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សម្រេចបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្នទេ។
បន្ទាប់មកចៅក្រមស៊ើបសួរបានចេញដីកាកោះហៅសាក្សីសំខាន់ម្នាក់ទៀត គឺលោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធអោយចូលតុលាការ ដើម្បីឆ្លើយបំភ្លឺជាសាក្សីនៅក្នុងរឿងក្ដី៕