
អភិបាលខណ្ឌទួលគោក លោក ឯក ប៊ុនឌឿន ព្រមានចាត់វិធានការច្បាប់លើអាជីវករ និងអ្នកបោះពុម្ពសៀវភៅដែលនិពន្ធដោយលោក យ៉ែម បុញ្ញាឫទ្ធិ មន្ត្រីអតីតបក្សប្រឆាំង បើនៅតែបន្តចរាចរណ៍សៀវភៅនៅលើទីផ្សារ។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរចុះដកហូតសៀវភៅមានចំណងជើងថា៖ ចក្ខុវិស័យក្នុងការផ្សះផ្សារជាតិ និងការរៀបចំសង្គមជាតិ ដែលនិពន្ធឡើងដោយ លោក យ៉ែម បុញ្ញាឫទ្ធិ។

អភិបាលខណ្ឌទួលគោករូបនេះ បានប្រាប់ថា ក្រុមការងាររបស់លោកបានសហការជាមួយព្រះរាជអាជ្ញា និងមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះដកហូតសៀវភៅដែលនិពន្ធដោយមន្ត្រីអតីតបក្សប្រឆាំងលោក យ៉ែម បុញ្ញឬទ្ធិ កាលពីថ្ងៃទី១-៣ ខែកញ្ញានេះ មានចំនួនប្រហែលជា៦០ក្បាល ដោយសារការបោះពុម្ពផ្សាយគ្មានច្បាប់អនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ករណីនេះ អភិបាលខណ្ឌរូបនោះ ព្រមានថា បើម្ចាស់រោងពុម្ព អ្នកលក់ និងអ្នកចែកចាយនៅតែចរាចរសៀភៅរបស់លោក យ៉ែម បុញ្ញឬទ្ធិ នឹងប្រឈមជាមួយច្បាប់ដែលនៅជាធរមាន។
លោក ឯក ឃុនជឿន បានប្រាប់ពីមូលហេតុដែលអាជ្ញាធរចុះប្រមូលសៀវភៅទាំងនោះ គឺដោយសារតែគ្មានច្បាប់អនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រឹមត្រូវ។ លោកបានពន្យល់ថា រាល់ការបោះពុម្ពផ្សាយសៀវភៅ និងចែកចាយលក់ លុះត្រាមានការអនុញ្ញាតពីក្រសួងវប្បធម៌ ព្រោះយើងក៏បានសហការជាមួយពួកគាត់។
សូមបញ្ជាក់ថា អភិបាលខណ្ឌទួលគោក បានដកហូតសៀវភៅជាង២០ក្បាល នៅតូបលក់កាសែត ជាប់របងវិទ្យាល័យសន្ធរម៉ុក ផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដើម្បីយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។
ក្រោយពីអាជ្ញាធរចាត់វិធានការនេះ លោក យ៉ែម បុញ្ញឬទ្ធិ មិនទាន់មានប្រតិកម្មវិញឡើយ។
