លោក ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប បានអះអាងថាកម្ពុជានឹងនាំចូលអំបិល២ម៉ឺនតោនពីប្រទេសចិន និង១ម៉ឺនតោនពីប្រទេសថៃសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ក្នុងចំណោមអំបិលនាំចូល៣ម៉ឺនតោន ក្នុងនោះ២ម៉ឺនតោនជាប្រភេទអំបិលអ៊ីយ៉ូតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលនាំចូលពីចិន ចំណែកឯ ១ម៉ឺនតោនទៀតជាប្រភេទអំបិលឧស្សាហកម្មសម្រាប់ធ្វើប្រហុក ផ្អក ត្រីងៀត ជាដើមនោះ នាំចូលពីប្រទេសថៃ។
លោក ប៊ុន បារាំង បញ្ជាក់ថាការខ្វះខាតអំបិលនៅកម្ពុជា ដោយសារតែអាកាសធាតុមិនអំណោយផល និងមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ។
យោងតាមរបាយការណ៍របស់សហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប ឱ្យដឹងថា ស្រែផលិតអំបិលកំពត-កែប លើផ្ទៃដីជាង៤ ៥០០ហិចតា បានរងគ្រោះដោយលក្ខខណ្ឌអាកាសធាតុ ដែលមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ កត្តានេះហើយបានធ្វើឱ្យការផ្តត់ផ្គង់អំបិលក្នុងស្រុកមិនគ្រប់គ្រាន់។
លោក ប៊ុន បារាំង បានបញ្ជាក់ថា សមាគមន៍បានដាក់សំណើសុំគោលការណ៍ដើម្បីនាំអំបិលចូលពីបរទេស ទៅរាជ រដ្ឋាភិបាលរួចរាល់ហើយ នៅរង់ចាំសេចក្តីសម្រេចតែប៉ុណ្ណោះ។
ប្រធានសហគមន៍រូបនេះបន្តទៀតថា៖ គោលការណ៍ស្នើសុំនេះ នឹងអាចសម្រេចបាននៅចុងខែកញ្ញា ខាងមុខនេះ។ ដូច្នេះសហគមន៍ផលិតអំបិល នឹងត្រៀមលក្ខណៈ នាំអំបិលចូលពីចិន និងថៃ ក្នុងអំឡុងខែតុលា។ តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីចំនួនទឹកប្រាក់លើការបញ្ជាទិញអំបិល៣ម៉ឺតោននេះឡើយ។
គួរបញ្ជាក់ថា តម្រូវការអំបិលសម្រាប់ប្រើប្រាស់នៅប្រទេសកម្ពុជាមានប្រមាណ១០ម៉ឺនតោនក្នុងមួយឆ្នាំៗ។ នេះមិនមែនជាលើកទី១ទេ ដែលកម្ពុជានាំចូលអំបិលពីបរទេស កម្ពុជាធ្លាប់បាននាំចូលអំបិលលើកដំបូងកាលពីឆ្នាំ២០០៨ ពីប្រទេសចិន។