
ព្រៃវែងៈ ពលរដ្ឋ បានទទូចស្នើសុំសម្ដេចតេជោ ជួយអន្តរាគមន៍រក្សាដីផ្សារព្រៃព្នៅឲ្យនៅដដែល។ ព្រោះពេលនេះនាយទុន បង្កើតផ្សារឯកជនថ្មី ហើយអាជីវករមិនព្រមចេញទៅជួលតូប ទើបម្ចាស់ផ្សារមានលេស រើរុះផ្សារព្រៃព្នៅចាស់ ដើម្បីធ្វើសួនច្បារ រួចតម្រូវឲ្យអាជីវករ បង្ខំចិត្ត ទៅជួល ឬទិញតូបនៅផ្សារឯកជនថ្មី ដែលមានតម្លៃខ្ពស់។
ព្រោះតែបែបនេះ ទើបអាជីវករប្រមាណជា៥០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ានៅចំណុចផ្សារព្រៃព្នៅ ស្ថិតនៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ក្នុងគោលបំណងទាមទារមិនព្រមចេញពីផ្សារជាដាច់ខាត សុខចិត្តនៅលក់បន្ត ទោះមានរឿងអ្វីក៏ដោយ ខណៈម្ចាស់ផ្សារ កំពុងរុះរើផ្សារចាស់ គាស់ដំបូលជាបណ្ដើៗសល់តែគ្រោងឈើ។

ជាមួយគ្នានោះក្រុមអាជីវករបានអះអាងថា ពួកគាត់បានលក់ដូរនិងកាន់កាប់ដីផ្សារនេះតាំងពីឆ្នាំ១៩៨២មកម្លេះ។ លុះដល់ឆ្នាំ២០១៥ឈ្មោះ ហ៊ាន រី ជាថៅកែផ្សារបានមកវិនិយោគដោយឲ្យក្រុមអាជីវកររើចេញសិន រួចសង់ផ្សារដោយធ្វើដំបូលប្រក់ស័ង្កសី ខណ្ឌចែកជាតូបចំនួន៧២តូប រួចលក់មកឲ្យពលរដ្ឋវិញក្នុងតម្លៃ១តូប១,០០០$ ដោយកំណត់រយៈពេល៣ឆ្នាំម្ដង។លុះដល់ខែសីហា ឆ្នាំ២០១៨ លោក ហ៊ាន រី បានសាងសង់ផ្សារថ្មីរួចរាល់ ស្រាប់តែអាជ្ញាធរជូនដំណឹងមកអាជីវករថា ផ្សារព្រៃព្នៅនេះ ត្រូវរើរុះហើយ ហេតុនេះអាជីវករទាំងអស់ត្រូវរើចេញឲ្យហើយមុនថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីយកដីនេះធ្វើសួនច្បារជូនវត្ត។
អាជីវករ បន្តថា ការរើផ្សារនេះ ជាការឃុបឃិតគ្នារវាងអាជ្ញាធរឃុំ និងថៅកែផ្សារយ៉ាងពិតប្រាកដ។ ព្រោះអាជ្ញាធរយកលេសរើផ្សារធ្វើសួន និងប្រគល់ដីឲ្យវត្តព្រៃព្នៅ ហើយពេលអាជីវករសួរទៅគណៈកម្មវត្ត បែរជាគណៈកម្មការប្រាប់ថា មិនដឹងទេរឿងយកដីចូលវត្តអីនុង?។

ឆ្លើយតបនិងការលើកឡើងខាងលើលោក ហ៊ាន រី អ្នកវិនិយោគផ្សារបានឲ្យដឹងថា ផ្សារថ្មីរបស់លោកមានតូបចំនួន១៦០ ពេលនេះមានអ្នកជួលច្រើនហើយ។ ក្នុងនោះជួលរយៈពេល១ឆ្នាំ ៣០០$ ហើយផ្សារព្រៃព្នៅចាស់នេះ វាតូចចង្អៀត ទើបលោករុះរើនិងបង្កើតផ្សារថ្មី ដើម្បីតម្រូវការអាជីវករ ដែលកើនឡើង រីឯដីដែលរើរុះនោះលោកប្រគល់ជូនអាជ្ញាធរ។
ដោយឡែកលោក ហ៊ី ធួក អភិបាលស្រុកពារាំងបានឲ្យដឹងថា ផ្សារដែលគេរើរុះនោះ គឺយកដីប្រគល់ជូនវត្ត ព្រោះទីនេះចង្អៀត។ លោកបញ្ចាក់ថា អាជ្ញាធរមិនមានចេតនាបណ្ដេញអាជីវករទេ៕

