អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ខេត្តកំពតមិនទាន់មានវិមានឯករាជ ដើម្បីគោរពនៅឡើយទេ ហើយបើតាមប្រសាសន៍ របស់លោក ជាវ តាយ ថា បេនឡាន និងការ៉ាស់សាំងតូតាល់ នឹងត្រូវរុះរើ ក្នុងពេលឆាប់ៗដើម្បីសាងសង់វិមានឯករាជ។

ថ្លែងក្នុងពិធី ជួបសំណេះសំណាលថ្លែងអំណរគុណជាមួយមន្ត្រីនគរបាលខេត្តកំពតក្នុងឱកាសមុនបុណ្យភ្ជុំបិណ្ឌមកដល់ខាងមុខ នៅថ្ងែទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅស្នងការដ្ឋានខេត្តកំពត លោក ជាវ តាយ បានលើកឡើងថា ខេត្តកំពត មិនទាន់មានវិមានឯករាជនៅឡើយទេ ហើយថា បើចង់ធ្វើពិធីគោររព មិនដឹងគោរពនៅកន្លែងណាទេ ដូច្នេះរដ្ឋបាលខេត្ត នៅពេលខាងមុន សម្រេចរុះរើបេនឡាន និងការ៉ាស់សាំងតូតាល់ខេត្តកំពត ដើម្បីសាងសង់វិមានឯករាជ្យ ទុកធ្វើជាទីគោរពបូជា និងដឹងគុណដល់ ព្រះបរមរតនកោដ្ឋ នៅក្នុងទឹកដីខេត្តទេសចរណ៍ដ៏ល្បីឈ្មោះមួយនេះ ។

នៅក្នុងឱកាសនោះដែរ លោក​ ជាវ តាយ អភិបាលខេត្តបាន ថ្លែងអំណរគុណកោតសរសើរដល់ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកតែងតែបានយកចិត្តទុក​ដាក់អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន និងជំនះរាល់ឧបសគ្គទាំងឡាយគ្រប់បទល្មើសកើតឡើងដោយសម្រេចនូវលទ្ធផល ដោយធានានិងរក្សាការពារបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរនៅក្នុងទឹកដីខេត្តកំពត ដែលលទ្ធផលទាំងនេះបានបង្កលក្ខណៈធ្វើអោយប្រជាពលរដ្ឋរស់នៅប្រកបមុខរបរចិញ្ចឹមជីវភាពគ្រួសារបានសុខដុមរមនា។

លោក ជាវ តាយ អភិបាលខេត្ត ក៏បានបន្តការលើកឡើងកោតសរសើរដល់ស្នងការដ្ឋាននគរបាលខេត្តកំពតទាំងមូលទៀតថា ក្នុងរយៈពេលកន្លងមកនេះ ក្រៅពីការងារបំពេញតួនាទីភារកិច្ចជាកងកម្លាំងប្រដាប់អាវុធថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់និងសុខសុវត្ថិភាពជូនប្រជាជនក្នុងខេត្តបានល្អ។ ក៏ប៉ុន្តែថ្នាក់ដឹកនាំនិងមន្ត្រីកងកម្លាំងនគនរបាលខេត្តក៏នៅតែបានចូលរួមកិច្ចការងារសង្គមជាមួយអាជ្ញាធរខេត្ត ក្នុងសកម្មភាពថែរក្សាសំអាតអនាម័យបរិស្ថានដោយលាងសំអាតតាមដងផ្លូវនានាក្នុងក្រុងកំពតជាប្រចាំថ្ងៃ ឬសប្ដាហ៍ថែមទៀតផងដែរ។ លោក​អភិបាលខេត្តបានបន្តលើកឡើងថា ដោយស្ដែងចេញនូវលទ្ធផលនៃស្នាដៃសកម្មភាពខិតខំរបស់កងកម្លាំងនគរបាលខេត្ត។

លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានឲ្យ​ដឹងអំពីភាពវិវឌ្ឍន៍និងរចនាសម្ព័ន្ធយន្តការដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តក្នុងនោះមានផែនចំណុះចំនួន១២ផែន និងមានការិយាល័យ៣១អធិការដ្ឋាននគរបាលក្រុងស្រុកចំនួន៨ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ចំនួន៩៣ មានក្របខ័ណ្ឌកម្លាំងសរុបចំនួន១៨០៤នាក់ ស្រីចំនួន១៣៩នាក់ដោយឡែកក្នុងនោះសម្រាប់ថ្នាក់ខេត្តដែលជួបសំណេះសំណាលពេលនេះទាំង១២ផែនចំណុះស្នងការដ្ឋាននគរបាលមានចំនួន៧២៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor