ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានទទួលជួបពិភាក្សាជាមួយលោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD (ប្រទេសជប៉ុន) និងលោក Yasuhara តំណាងអង្គការ JICA និងសហការី ពាក់ព័ន្ធនឹងការគ្រប់គ្រងរថយន្តដឹកសំរាម និងការសាងសង់រោងចក្រកែច្នៃសំរាមក្នុងខេត្តស្វាយរៀង ។ ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ។
ក្នុងឱកាសនោះ លោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD បានជម្រាបជូនពីវឌ្ឍនភាពនៃការអនុវត្តគម្រោងនេះ ដែលរហូតមកដល់បច្ចុប្បន្នបាន និងកំពុងត្រៀមធ្វើការនាំចូលរថយន្តដឹកសំរាម និងការសាងសង់រោងចក្រនៅទីតាំងដែលក្រុមហ៊ុន និងរដ្ឋបាលខេត្ត បានជ្រើសរើសរួចមកហើយនោះ។ ជាមួយនេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្ត ដែលតែងតែគាំទ្រ និងសហការជាមួយក្រុមហ៊ុន ហើយព្រោះតែកិច្ចសហការគាំទ្រយ៉ាងល្អប្រសើរនេះ ទើបក្រុមហ៊ុនរបស់លោកឈានមកដល់សម្រេចលទ្ធផលគួរជាទីមោទនៈបែបនេះ និងសូមសំណូមពរដល់លោកអភិបាលខេត្ត បន្តជួយសហការ ដើម្បីអនុវត្តកិច្ចការ ដែលនៅសេសសល់ឲ្យសម្រេចបានលទ្ធផលស្ថាពរ នាពេលខាងមុខ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត សារជាថ្មីម្ដងទៀត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានជ្រើសរើសការវិនិយោគនៅក្នុងខេត្តស្វាយរៀង ហើយលោកនៅតែបន្តគាំទ្រ សហការតទៅមុខទៀត ដើម្បីឲ្យគម្រោងនេះសម្រេចបានលទ្ធផលជោគជ័យ ១០០% ព្រោះថាការបង្កើតរោងចក្រកែច្នៃសំរាមទៅជាផលិតផលសម្ភារៈសំណង់ និងគ្រឿងសង្ហារិមនេះ មិនត្រឹមតែបានផ្ដល់ការងារធ្វើបន្ថែមជូនប្រជាពលរដ្ឋខេត្តស្វាយរៀង ប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមលើកកម្ពស់អនាម័យបរិស្ថាន និងសោភ័ណទីក្រុង គាំទ្រទៅដល់ផែនការរបស់រដ្ឋបាលខេត្តក្នុងការជំរុញលទ្ធភាពនៃការប្រឡងប្រណាំងទីក្រុងស្អាតនាពេលខាងមុខ។
ជាមួយនេះ ដើម្បីសម្របសម្រួលកិច្ចការនានា ដែលនៅសេសសល់ ជាពិសេសពាក់ព័ន្ធនឹងរថយន្តដឹកសំរាម និងការសាងសង់រោងចក្ររបស់ក្រុមហ៊ុន លោកអភិបាលខេត្ត បានចាត់តាំងលោកអភិបាលរងខេត្ត ទទួលធ្វើការពិភាក្សា និងសហការជាមួយក្រុមហ៊ុនបន្តទៀតទៅលើចំណុចលម្អិតនានាដែលគាំទ្រ និងជំរុញកិច្ចការនេះឲ្យសម្រេចលទ្ធផលជោគជ័យល្អប្រសើរតាមការគ្រោងទុក៕