ភ្នំពេញៈ លោក លឹម គឹមយ៉ា មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិមួយរូប បានអះអាងថា លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សប្រឆាំង មិនដែលទទួលស្គាល់រាល់ការអនុវត្តច្បាប់នៅកម្ពុជា ម្តងណាឡើយ ជាក់ស្តែងនោះ សំណុំរឿងរបស់គាត់តែម្តង។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនេះ ខណៈលោក សម រង្ស៊ី បានជាប់បណ្តឹងជាច្រើននៅក្នុងដៃតុលាការ ប៉ុន្តែលោកមិនដែលចូលរួមសោះស្រាយ ឬប្ដឹងតក្ដីម្ដងណានោះទេ។
លោក លឹម គឹមយ៉ា បានលើកឡើងបញ្ជាក់លើបណ្តាញសង្គម នៅថ្ងៃទី២២ ខែកញ្ញា យ៉ាងដូច្នេះថា “ខ្ញុំឆ្លើយទៅលោក Pharith Hok ដែលជាមនុស្សម្នាក់ គាំទ្រកម្លាំងសង្គ្រោះជាតិ ជាពិសេសក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ត្រូវដឹងថា នៅពេលនោះ និងរហូតមកដល់សព្វថ្ងៃ លោក កឹម សុខា អត់ទាន់មានទោសទេ គឺតុលាការអត់ទាន់កាត់ទោសគាត់ទេ”។
លោក លឹម គឹមយ៉ា បន្តថា “ឯចំណែកលោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោស ហើយឯលោក សម រង្ស៊ី ក៏ព្រមទទួលដោយមិនប្តឹងតក្តី។ យើងអាចយល់ថា តុលាការមិនត្រឹមត្រូវ តែយើងរស់នៅស្រុកមួយ ត្រូវគោរពច្បាប់ដែលមាន បើមិនយ៉ាងដូច្នេះទេ គឺអនាធិបតេយ្យ។ ដែលស្តាយ គឺលោក សម រង្ស៊ី ដែលជាអ្នកផ្តល់គំនិតឲ្យកែរដ្ឋធម្មនុញ្ញ កាលពីឆ្នាំ២០០៦ បានជាច្បាប់ខ្លះ ចេញមកមិនប្រក្រតី”។
មន្ត្រីអតីតបក្សប្រឆាំងរូបនេះ គូសបញ្ជាក់ថា “តែខ្ញុំស្តាយនៅក្នុងបក្សកាលពីឆ្នាំ២០១៥ នៅពេលប្រជុំគណៈកម្មាការនាយក ខ្ញុំបានស្នើឲ្យសមាជិកបក្សយើងទាំងអស់ ដែលត្រូវប្រកាសទ្រព្យសម្បត្តិ សូមប្រកាសជាសាធារណៈ នេះជាឆន្ទៈនយោបាយមួយ ចង់បង្ហាញប្រជាពលរដ្ឋថា យើងមានតម្លាភាពក្នុងនយោបាយ ដែលយើងបានសន្យាក្នុងបន្ទាន់នយោបាយ ហើយលោក សម រង្ស៊ី តែងតែមានមោធនភាពស្រែកជាញឹកញាប់”។
លោកថា “យើងគ្មានការបារម្ភអ្វីទេ ពីព្រោះយើងមិនដែលមានឧកាសនឹងពុករលួយ។ នេះជៀសវាងគំនាបរបស់គេ ដោយគេសំឡុតម្តងម្កាលថា គេនឹងបើកស្រោមសំបុត្រមើល។ តែលោក សម រង្ស៊ី បានជំទាស់ដាច់ខាតមិនព្រម។ តែចំពោះខ្ញុំ ខ្ញុំបានប្រកាសជាសាធារណៈទ្រព្យសម្បត្តិរបស់ខ្ញុំ។ បើតាមអ្នកខ្លះ គឺគេមានគំនិតថា ខ្លាចមានគេមកចាប់ជំរិត តែលេសមួយទៀត សមសួន្យ គឺប្រកាសលើសដែលខ្លួនមាន ដល់ពេលគេកាន់អំណាច គេអាចពុករលួយបាន ពីព្រោះគេប្រកាសទ្រព្យសម្បត្តិលើស ដែលខ្លួនមានសព្វថ្ងៃ”។
ជាមួយគ្នានោះដែរ លោក លឹម គឹមយ៉ា ក៏បានលើកឡើងពីទង្វើរបស់លោក កឹម សុខា នៅប្រទេសអូស្ត្រាលីថា “តាមខ្ញុំយល់ លោក កឹម សុខា និយាយយ៉ាងនេះ គឺគ្រាន់តែប្រាប់អ្នកគាំទ្រគាត់ថា គាត់ប្រកាន់ឥរិយាបទត្រឹមត្រូវ ដែលអ្នកប្រាជ្ញនយោបាយបរទេសពន្យល់ ដើម្បីរំលំពួកផ្តាច់ការ គឺត្រូវពន្យល់ប្រជាពលរដ្ឋឲ្យចេះដឹងក្នុងការជ្រើសរើសអ្នកដឹកនាំតាមលទ្ធិប្រជាធិបតេយ្យ ដោយការបោះឆ្នោត នេះគឺមធ្យាបាយអហិង្សា ហេតុនេះហើយបានជាចៅក្រមស៊ើបសួរ មិនអាចរកលេសចោទគាត់បាននោះទេ ជាង១មួយឆ្នាំហើយ”។
ចំណែកលោក មុត ចន្ថា មន្ត្រីជំនិតរបស់លោក កឹម សុខា ក៏បានលើកឡើងលើបណ្តាញសង្គមថា ទោះបីជាច្បាប់ ដែលរដ្ឋសភា អនុម័តដោយអយុត្តិធម៌យ៉ាងណាក្តី ទាំងប្រជាជន និងអ្នកតំណាងរាស្ត្រ ត្រូវតែគោរពទាំងអស់គ្នា៕