Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រីម្នាក់ ត្រូវប្តីផឹកស្រាស្រវឹង​ រករឿង​ឈ្លោះទាស់សម្ដីគ្នា រួចដាល់មួយដៃដាច់ផ្ងារ សន្លប់ស្ដូក ផ្អើលបងប្អូនអ្នកជិតខាងចូលជួយឃាត់មិនឈ្នះ ហើយត្រូវបុរសជាប្ដីទាញ​កាំបិត​ប៉័ងតោមកកាប់ ឲ្យរងរបួសធ្ងន់២នាក់ ទើបសមត្ថកិច្ចចាប់វាយខ្នោះយកទៅប៉ុស្តិ៍សាកសួរភ្លាមៗតែម្ដង។

ករណីហិង្សាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩យប់​ ថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ផ្លូវលំ​ ក្រុមទី៣៣​ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្ដីឈ្មោះ ខៃ ពិសិទ្ធ​ ហៅក្រៅ (ចាន់ថា​) ភេទប្រុស​ អាយុ៣០ឆ្នាំជាង មានស្រុកកំណើតនៅភូមិខ្លា ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល​។ រីឯស្ត្រីជាប្រពន្ធឈ្មោះ ផល សារី អាយុ២២ឆ្នាំ មានកូនប្រុសម្នាក់​ តែឲ្យទៅនៅជាមួយជីដូន នៅឯស្រុកកំណើត ​ភូមិឬស្សីជ្រោយ ស្រុកឬស្សីជ្រោយ ខេត្តកណ្តាល​ និងបច្ចុប្បន្ន​ស្នាក់នៅបន្ទប់ជួលជាមួយគ្នាក្បែរកន្លែងកើតហេតុ​។ បុរសម្នាក់ ​ដែលរងរបួសធ្ងន់ឈ្មោះ ស្មើ អាយុ៣០ឆ្នាំជាង (ជាអ្នកជិតខាង) ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ និងម្នាក់ទៀតជាសាច់ថ្លៃ សុំមិនបញ្ចេញឈ្មោះ ត្រូវមួយកាំបិតចំថ្ងាស។

តាមការបំភ្លឺរបស់ស្ត្រីជនរងគ្រោះ បានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងបានត្រលប់មកពីធ្វើការរោងចក្រវិញ ហើយបើកទ្វារបន្ទប់មកក៏ឃើញចានឆ្នាំងប្រលាក់ក៏ប្រមូលលាង ប្រហែលជាមួយសន្ទុះក្រោយមក ប្តីរបស់នាងបានមកពីផឹកស៊ី ទាំងមានសភាពស្រវឹងស្រា​ទន់ខ្លួន រួចបានមកសួរនាំរករឿងរូបនាង ដែលទើបមកពីធ្វើការ និងដឹងថាប្ដីស្រវឹង ទើបមិនសូវឆ្លើយ ហើយក៏ខឹងឈ្លោះទាស់សម្ដីគ្នាពេញក្នុងបន្ទប់ ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ជួលជិតនោះចេញមក​មើល ហើយប្ដីរបស់ខ្លួនក៏ស្រែកដាក់អ្នកជិតខាងទាំងនោះថា​ "រឿងប្ដីប្រពន្ធខ្ញុំទេ ខ្ញុំឈ្លោះយប់ហ្នឹង​ ស្អែកឡើងត្រូវគ្នាវិញហើយ" ដោយសារតែមិនចង់ឲ្យមានរឿងទើបនាង​អូសដៃប្ដីឲ្យចូលក្នុងបន្ទប់ ហើយក៏កើតជាអំពើហិង្សាឡើងតែម្ដង ដោយប្ដីរបស់នាងបានដាល់នាងមួយដៃដាច់ផ្ងារ បែកអំពិលអំពែកតែម្ដង ឃើញដូច្នេះ​ទើបអ្នកជិតខាង ​និងបងៗសាច់ថ្លៃ នាំគ្នាចូលមកជួយឃាត់ ដោយ​ប្រទាញប្រទង់​រុញគ្នា ហើយក៏នាំនាងចេញទៅបន្ទប់​របស់សាច់ថ្លៃនាងនៅជិតនោះវិញ រួចលាបប្រេងកូឡាឲ្យហើយ តែនៅវិលៗដដែល ។ បន្តិចក្រោយមកប្ដីរបស់នាង ក៏បានដើរមកសួររកនាង និងចង់នាំទៅបន្ទប់វិញ តែត្រូវបានប្ដីរបស់សាច់ថ្លៃនាង​ ហាមឃាត់មិនឲ្យទេ ទើបប្ដីរបស់នាងទាញកាំបិត​ប៉័ងតោ លាក់ក្រោយខ្នង​ យកមកកាប់ទៅលើអ្នកដែលឃាត់ប្ដីនាងនោះ ចំក្បាលប្ដីសាច់ថ្លៃនាង ផ្នែកខាងមុខ និងកាប់ចំបុរសម្នាក់ទៀត ដែលជាអ្នកជិតខាង របួសធ្ងន់ដាច់សាច់ស្មាខាងឆ្វេង​ ឈាមហូរជោគខ្លួន​ ភ្លាមនោះអ្នកជិតខាងទ្រាំមិនបានក៏ព្រួតវាយម្នាក់មួយដៃមួយជើង បណ្ដាលឲ្យរបួសបែកមុខបែកមាត់ និងពកក្បាលជាច្រើនកន្លែងដែរ និងដកយកកាំបិតចេញមកទុក​ ហើយរាយការណ៍ប្រាប់កម្លាំងល្បាតសង្កាត់ចាក់អង្រែក្រោមភ្លាមៗ។ បន្តិចក្រោយមកនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកកន្លែងកើតហេតុ​ រួចឃាត់ខ្លួនបុរសជាប្ដី យកទៅប៉ុស្តិ៍ដើម្បីសាកសួរបំភ្លឺ។

ក្រោយពេលកើតហេតុ​ បុរសរងរបួសទាំង២នាក់ និងស្ត្រីជាប្រពន្ធដែលសន្លប់ស្ដូកនោះ​ ត្រូវអ្នកជិតខាងនាំគ្នាជួយដឹកតាមម៉ូតូបញ្ជូនទៅគ្លីនិកឯកជន ដើម្បីសង្គ្រោះនិងព្យាបាលផងដែរ។ រីឯបុរសជាប្ដី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍​ ដោយសារមិនទាន់ស្វាងស្រានិងមានរបួសរៀងធ្ងន់ដែរ ក៏ជូនទៅលាងរបួស និងនាំមកសាកសួរនាំវិញនៅប៉ុស្តិ៍ផងដែរ។

បច្ចុប្បន្ន​ភាគីរងគ្រោះទាំង២​ និងស្ត្រីរងគ្រោះជាប្រពន្ធ​ បាននាំគ្នាមកប៉ុស្តិ៍ទាំងព្រឹក ដើម្បីសុំសម្របសម្រួលគ្នា​ចេញថ្លៃព្យាបាលរបួស​ រួចធ្វើកិច្ចសន្យាជា​លាយលក្ខណ៍​អក្សរ​ និងផ្ដិតមេដៃ នៅចំពោះមុខសមត្ថកិច្ច ដើម្បីបញ្ចប់រឿងផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor