header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ រថយន្ត Range Rover ​ស៊េរី​ទំនើប​មួយ​គ្រឿង​ ឆាបឆេះ​ចេញជាអណ្ដាតភ្លើងឡើង បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​សន្តិសុខ​ NaGa World 1 នាំគ្នាទាញ​បំពង់​ពន្លត់អគ្គិភ័យ និង​ទុយោ​ទឹក​មក​ជួយ​បាញ់​ពន្លត់​ហុយផ្សែង​ទ្រលោម​ ផ្អើល​ទាំងប្រជា​ពលរ​ដ្ឋឈប់​ចោមរោម​មើល​ពេញ​ដងផ្លូវ ​កាលពី​វេលា​ម៉ោង​២៖២០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​មុខ​មជ្ឈមណ្ឌល​កម្សាន្ត​ណា​ហ្គា​វើ​ល​ទី​១ (NaGa World 1) ស្ថិតក្នុងសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសន្តិសុខ​ម្នាក់ ​បាន​បង្ហើប​ប្រាប់​ថា គាត់​ក៏​មិនដឹង​ច្បាស់​ពី​មូលហេតុ ​នៃការ​ឆេះ​រថយន្ត​នោះ​ទេ តែគ្រាន់ដឹងថា រថយន្ត​ដែល​ឆាបឆេះ​ម៉ាក Range Rover ពណ៌​ស ពាក់​​ស្លាកលេខ ភ្នំពេញ 2Y-5161 ម្ចាស់​រថយន្ត​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ច្បាស់ទេ​ គ្រាន់តែ​ដឹង​ថា ជា​ជនជាតិ​ខ្មែរ និង​ជា​អ្នកមាន​អំណាច​ បុណ្យស័ក្តិ​ម្នាក់​ នៅ​ក្នុង​រាជធានី​ភ្នំពេញយើងនេះ ហើយ​ក៏​ជា​ភ្ញៀវ​VIP ប្រចាំ​មជ្ឈមណ្ឌល​កម្សាន្ត​ណាហ្គាវើល​នេះផង​ដែរ។

មុន​មានការ​ភ្ញាក់ផ្អើល​សាក្សីដែលបើករថយន្តមកចតចាំភ្ញៀវែក្បរនោះ បានប្រាប់ CAM POST ថា គឺ​រថយន្ត​នោះ​បាន​បើក​មក​ឈប់​នៅ​មុខ​ណា​ហ្គា​វើ​រ ហើយ​ម្ចាស់​រថយន្ត​បាន​ដើរ​ចូល​ទៅ​ខាងក្នុងបាត់​ មួយសន្ទុះ​ក្រោយមក ​ស្រាប់តែ​មាន​ផ្សែងហុយ​ចេញពី​ក្បាល​រថយន្ត​ ​ឃើញ​ដូច្នោះ​ពួក​គាត់​ជា​ក្រុម​សន្តិសុខ​ បាន​ទាញ​យក​បំពង់​ពន្លត់អគ្គិភ័យ​ចេញ​មក​ជួយ​បាញ់​ពន្លត់​អស់​២០​បំពង់​ ហើយ​ភ្លើង​នៅ​តែ​មិន​រលត់​ក៏​ត្រូវ​ខាង​ក្រុម​បុគ្គលិក​ពន្លត់អគ្គិភ័យ​ប្រចាំ​នៅ​ទីនោះ​ផ្ទាល់​ទាញ​ទុយោ​ទឹក​ចេញពី​ខាងក្នុង​មក​ជួយ​បាញ់​បន្ថែម​ទៀត ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ​ភ្លាម​ៗ​ទាន់​ពេលវេលា និង​បណ្តាល​ឲ្យរថយន្ត​ខូចខាត​តែ​តួ​ម៉ាស៊ីន​តែ​ប៉ុណ្ណោះ។ ក្នុង​ហេតុការណ៍​នោះ​ម្ចាស់​រថយន្ត​ផ្ទាល់​ក៏​មិន​បាន​ចេញពី​ខាងក្នុង​មក​មើល​រថយន្ត​ខ្លួន​ទេ ហើយ​មូលហេតុ​ដែល​បង្ក​ឲ្យឆេះ​គ្មាន​ប្រភព​ណា​ដឹង​ច្បាស់​ថា​ មក​ពី​មូលហេតុ​អ្វី​ទេ។

ក្រោយ​កើតហេតុ ​រថយន្ត​ដែល​ឆាបឆេះ​នេះ ​ត្រូវ​បាន​ក្រុម​សន្តិសុខ​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា ហើយ​ក៏​មាន​តំណាង​ម្ចាស់​រថយន្ត​ចេញ​មុខ​មក​ដោះស្រាយ ដោយ​បាន​ទាក់ទង​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post