ព្រះសីហនុៈ ជនសង្ស័យ២នាក់ ក្នុងចំណោម៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុតាមប្រមាញ់ រហូតឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពួកគេជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបជនជាតិចិន បណ្ដាលឲ្យរងរបួស។
ករណីឆក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧៖៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចចំណោទអន្លង់ក្រពើ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងខេត្តព្រះសីហនុ។
នគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ លី ជាសាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ធ្វើការក្នុងម៉ាត មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( អ្នកបើកម៉ូតូ )។ ២-ឈ្មោះ យន់ ភារៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ស្រុកកំពង់ត្រាច ខេត្តកំពត (ជិះក្រោយឆក់ )។ ៣-ឈ្មោះ កុយ ជង់ហួរ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ( ជិះកណ្តាល ) “រត់គេចខ្លួន” ។ ចំណែកជនរងគ្រោះឈ្មោះ HAUNG GUI JIAO ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខៈ E៩៩៨៩៨៣៤៦ ស្នាក់នៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ (រងរបួសស្រាល រលាត់កែងដៃខាងស្តាំ , រលាត់ត្រកៀកខាងស្តាំ និងរលាត់កជើងខាងស្តាំ)។ សម្ភារៈបាត់បង់ ៖ -កាបូបស្ពាយចំហៀង ១ ពណ៌ខ្មៅ -ទូរស័ព្ទដៃ១គ្រឿង ម៉ាក SAMSUNG ពណ៌ស។
នគរបាល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងជិះម៉ូតូឌុបជាមួយមិត្តប្រុស តាមផ្លូវឆ្ពោះទៅកន្លែងស្នាក់នៅ ចំណោទរ៉ា ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ ក៏ទាក់ដៃចង្កូតម៉ូតូគ្នា បណ្តាលឲ្យដួលម៉ូតូ ពេលនោះជនសង្ស័យបានរត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកម៉ូតូធ្វើសកម្មភាព ម៉ាក និច ពណ៌ស គ្មានស្លាកលេខ នៅកន្លែងកើតហេតុ ភ្លាមនោះកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបាន ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រីឯជនសង្ស័យម្នាក់ទៀត រត់គេចខ្លួនបាត់។
ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ -កាបូបស្ពាយចំហៀង១ ពណ៌ខ្មៅ (ផលនៃអំពើទុច្ចរិត ) -ទូរស័ព្ទដៃ១គ្រឿង ម៉ាក SAMSUNG ពណ៌ស (ផលនៃអំពើទុច្ចរិត )-ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស គ្មានស្លាកលេខ (មធ្យោបាយធ្វើសកម្មភាព )។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕