
ថ្ងៃនេះជាខួបលើកទី២៥ឆ្នាំ នៃការប្រកាសឱ្យប្រើច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រ(ទី២)កម្ពុជា ២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០១៨។ ច្បាប់រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។

ច្បាប់រដ្ឋធម្មនុញ្ញទី៦ ព្រះរាជាណាចក្រ(ទី២)កម្ពុជា បានធ្វើវិសោធនកម្ម ៨លើក ៖ លើកទី១ នៅខែកក្កដា ឆ្នាំ១៩៩៤ លើកទី២ នៅខែមីនា ឆ្នាំ១៩៩៩ លើកទី៣ នៅខែកក្កដា ឆ្នាំ២០០១ លើកទី៤ នៅខែមិថុនា ឆ្នាំ២០០៥
លើកទី៥ នៅខែមីនា ឆ្នាំ២០០៦ លើកទី៦ នៅខែកុម្ភៈ ឆ្នាំ២០០៨ លើកទី៧ នៅខែតុលា ឆ្នាំ២០១៤ និងលើកទី៨ នៅឆ្នាំ២០១៨។ នេះជាការបញ្ជាក់របស់លោក យ៉ែម បុញ្ញឫទ្ធិ អតីតសមាជិកសភាមកពីអតីគណបក្សសង្គ្រោះជាតិ។

លោក យ៉ែម បុញ្ញឫទ្ធិ ដែលកំពុងនិរទ្ទេសខ្លួននៅបរទេសបានពន្យល់បន្ថែមទៀតថា៖ រដ្ឋធម្មនុញ្ញរបស់ប្រទេសយើង ចាប់តាំងពីឆ្នាំ១៩៤៧ រហូតមកដល់បច្ចុប្បន្នមានចំនួន ៦ ដែលផ្លាស់ប្តូរទៅតាមរបបនយោបាយរួមមាន៖

- រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា (ថ្ងៃទី៦ ឧសភា ១៩៤៧)
- រដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរ (អនុម័តដោយប្រជាមតិ ថ្ងៃទី៣០ មេសា ១៩៧២ និងប្រកាសឱ្យប្រើ នៅថ្ងៃទី១០ ឧសភា ១៩៧២)
- រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ ដែលបានអនុម័ត នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៧៥ និងប្រកាសឱ្យប្រើ ៥មករា៧៦)
- រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបានអនុម័ត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៨១ និងត្រូវបានប្រកាសឱ្យប្រើ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៨១)
- រដ្ឋធម្មនុញ្ញ នៃរដ្ឋកម្ពុជា (រដ្ឋធម្មនុញ្ញកែប្រែ អនុម័ត ៣០ មេសា ១៩៨៩ និង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុម័តដោយសភាធម្មនុញ្ញ នាថ្ងៃទី២១ កញ្ញា ១៩៩៣ និងប្រកាសឱ្យប្រើ ថ្ងៃទី២៤ ខែកញ្ញា ១៩៩៣ និងធម្មនុញ្ញបន្ថែម ១៣ កក្កដា ២០០៤។