header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ជនមួយក្រុមតូច បានខិតខំប្រើប្រាស់ឧបាយកលផ្សេងៗ ដើម្បីបំផ្លាញការបោះឆ្នោត ប៉ុន្តែមិនអាចធ្វើទៅបាន ហើយទទ្ទឹមនោះ ក៏បានបង្កចលនាញុះញង់ ឲ្យមានការគាបសង្កត់ ដាក់ទណ្ឌកម្ម មកលើកម្ពុជា ជាពិសេស គឺបដិសេធលទ្ធផលនៃការបោះឆ្នោត មិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត ឬអាចនិយាយម្យ៉ាងទៀតថា មិនទទួលស្គាល់ រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ប៉ុន្តែអ្វីៗមកដល់ពេលនេះ បានបង្ហាញឲ្យយើងឃើញទាំងអស់គ្នាថា យុត្តិធម៌គឺពិតជាទទួលបានជោគជ័យ បានន័យថា បណ្តាប្រទេសនានា នៅលើសកលលោកនេះ បានផ្តល់យុត្តិធម៌សម្រាប់ប្រទេសកម្ពុជា ដល់ប្រជាជនកម្ពុជាហើយ ។

នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចក្រឡាហោម ស ខេង ឧបរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទសន្និបាត បូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កាលពីរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលមហោស្របខេត្តកំពត ។

សម្តេចក្រឡាហោមបានបន្តថា ប្រទេសជាច្រើនលើពិភពលោក បានផ្ញើសារលិខិតជាបន្តបន្ទាប់ ដើម្បីចូលរួមអបអរសាទរ ចំពោះការបង្កើតរាជរដ្ឋាភិបាល ឆ្លងតាមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ ដើម្បីបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ឲ្យបានកាន់តែសកម្មថែមទៀតជាមួយរាជរដ្ឋាភិបាល សម្រាប់នីតិការទី១ នៃរដ្ឋសភា ដែលកិច្ចសហប្រតិបត្តិការទ្វេភាគី និងតួនាទីរបស់កម្ពុជា នៅក្នុងតំបន់ និងនៅក្នុងពិភពលោក ។

សម្តេចក្រឡាហោមបានបន្តទៀតថា ជាក់ស្តែងឆ្លងតាមការបោះឆ្នោត ប្រជាជនកម្ពុជាកំពុងនៅដោយសុខសាន្ត ក្នុងសង្គមប្រកបដោយសុខសន្តិភាព ជីវភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ យ៉ាងល្អប្រសើរ ស្ថានភាពនេះបាននឹងបង្កឱកាស និងភាពកក់ក្តៅ ដល់ប្រជាជនកម្ពុជាគ្រប់រូប ដោយការប្រកបការងារ ដើម្បីបង្កើនប្រាក់ចំណូល ក្នុងគ្រួសារ និងជាឱកាសអំណោយផល ដល់ការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគ្រប់វិស័យ ឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សបន្ថែមទៀត ។

លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានលើកឡើងថា ជាទូទៅការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានមតិជាតិ និងអន្តរជាតិ ភាគច្រើន វាយតម្លៃថា បានប្រព្រឹត្តនៅក្នុងបរិយាកាសសន្តិភាព ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា ប្រកបដោយភាពរលូន តម្លាភាព សេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាម លទ្ធិប្រជាធិបតេយ្យ ហើយការបោះឆ្នោតត្រូវបានរៀបចំកាន់តែល្អប្រសើរឡើង ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ។

ជោគជ័យទាំងនេះ ប្រព្រឹត្តទៅបានដោយសារមានការរួមចំណែកដ៏ថ្លៃថ្លា និងខ្ពង់ខ្ពស់ពីស្ថានប័ន នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ក្រុមប្រឹក្សាធម្មនុញ្ញ គណបក្សនយោបាយ ប្រទេសផ្តល់ជំនួយ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលទៅបោះឆ្នោតយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខរីករាយ និងគ្មានការភ័យខ្លាច ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post