អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ពលរដ្ឋប្រមាណជាង២០នាក់ បាននាំគ្នាទៅបិទផ្លូវ មិនឲ្យរថយន្តចំនួន៣គ្រឿង ដឹកសំរាមរបស់ក្រុមហ៊ុនគឹម ជ្រា លោកជា គួង ទៅចាក់សំរាមចោល ដោយសារក្រុមហ៊ុននេះ បានចាក់សំរាមនៅកណ្តាលផ្លូវរបស់ពួកគាត់ ដែលធ្វើដំណើរទៅមកអាស្រ័យផលនោះ ទាល់តែក្រុមហ៊ុនជា គួង រកកន្លែងចាក់សំរាមឲ្យបានត្រឹមត្រូវ ទើបពូកគាត់បើកផ្លូវឲ្យទៅបាន បើមិនដូច្នោះទេ ពួកគាត់ នឹងបិទផ្លូវតែម្តង ។

ជាក់ស្តែងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មានប្រជាពលរដ្ឋជាង២០នាក់ បានធ្វើរបងបិទផ្លូវមិនឲ្យរថយន្តដឹកសំរាមចូលបាននោះឡើយ ។

នៅក្នុងនោះដែរ មានលោកចៅសង្កាត់រងកាចាញ កម្លាំងនគរបាលប៉ុស្តិ៍កាចាញ កម្លាំងនគរបាលខេត្ត កម្លាំងបរិស្ថានខេត្ត និងកម្លាំងប៉េអឹមក្រុងបានលុង ចុះមកអន្តរាគមន៍ កុំឲ្យប្រជាពលរដ្ឋប្រើអំពើហិង្សាណាមួយនោះ ។

លោក សឿង សាងវាសនា ចៅសង្កាត់រងកាចាញបានឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ថា រថយន្តដឹកសំរាម៣គ្រឿងរបស់លោក ជា គួង បានបកក្រោយវិញហើយ ហើយទាល់តែរកដំណោះស្រាយសិន ទើបបានឲ្យទៅចាក់សំរាមបាន មិនមែនឲ្យទៅចាក់សំរាមនៅកណ្តាលផ្លូវនោះទេ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ។

លោក ជា គួង ក្រុមហ៊ុន គឹម ជ្រា ប្រមូលសំរាម មិនអាចសុំការបកស្រាយបានទេ ដោយមិនមានលេខទូរស័ព្ទទាក់ទង នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ។

ដោយឡែកលោក អ៊ុន ស៊ីដេត អភិបាលរងក្រុងបានលុងបានឲ្យដឹងដែរថា រឿងរថយន្តដឹកសំរាមរបស់ជា គួង លោកគ្មានសិទ្ធហាមឃាត់នោះទេ ដោយសារផុតដៃគាត់ហើយ រឿងនេះ តុលាការជាអ្នកដោះស្រាយ ។

ប្រភពដោយឡែកបានឲ្យដឹងថា លោក ជា គួង គាត់មានខ្នងបង្អែកអ្នកធំម្នាក់នៅឯភ្នំពេញ ចឹងហើយបានជាគាត់មិនខ្លាចអ្នកណានោះឡើយ និងបានធ្វើភ្លៀងធ្វើផ្គរតែម្តង ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនប្រមូលសំរាមលោកជា គួង រឿងមិនដែលចេះចប់ មិនចេះហើយសោះ ធ្វើឲ្យមានបញ្ហាជានិច្ចនៅក្នុងខេត្តរតនគិរីនេះ ហើយបានរាំងស្ទះសំរាមនៅតាមផ្ទះរបស់ប្រជាពលរដ្ឋក្នុងក្រុងបានលុង និងនៅមុខផ្សារបានលុងផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor