កំពង់ចាមៈ យុវជនម្នាក់ បានលង់ទឹកស្លាប់ ក្រោយបបួលមិត្តភក្តិទៅលេង នៅចំណុចស្ពានដែក ស្ថិតនៅភូមិកោះប្រាក់លើ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីវេលម៉ោង៣៖១៥នាទីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
មុនពេលកើតហេតុ សមត្ថកិច្ចទទួលបានព័ត៌មានពីឈ្មោះ ផេង បូរី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ថា ឈ្មោះ យ៉ាវ គង់អ៊ី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលត្រូវជាមិត្តភក្តិរបស់ខ្លួន បានលង់ទឹកហើយបាត់ នៅចំណុចខាងលើ ក្រោយពីពួកគេបាននាំគ្នាទៅហែលទឹកលេងនៅទីនោះ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កោះទន្ទឹម ចុះធ្វើការរុករក ហើយបានឃើញសាកសព ជនរងគ្រោះនៅក្បែរនោះចម្ងាយប្រមាណជា៥០ម៉ែត្រ ។
បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕