ភ្នំពេញៈ ក្នុងនាមប្រជាជនតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី លោក លូន ស៊ីនសឺ( LuXinshe) បានផ្តល់អង្ករផ្កាម្លិះ ដែលមានតម្លៃជាទឹកប្រាក់១លានដុល្លារដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ការផ្ដល់អង្ករនេះ ធ្វើឡើងក្នុងជួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាមួយលោក លូ ស៊ីនសឺ (Lu Xinshe) លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ប្រទេសចិន កាលពីល្ងាចថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ។
យោងតាមបណ្តាញទំនាក់ទំនសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងជំនួបពិភាក្សាលោក លូ ស៊ីនសឺ (Lu Xinshe) បានថ្លែងអំណរគុណ សម្តេចតេជោ ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមពិព័រណ៌ចិនអាស៊ាន លើកទី១៥ នៅទីក្រុងណាននីង ដែលពិព័រណ៍ចិនអាស៊ានឆ្នាំ២០១៨នេះ មានពិព័រណ៌រជាង៦៦០០ស្តង់ និងក្រុមហ៊ុនជាង៧ពាន់ក្រុមហ៊ុនចូលរួម។
លោកបានបញ្ជាក់ថា «ក្នុងនាមប្រជាជនតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី លោកសូមចូលរួមផ្តល់ជូនអង្ករផ្កាម្លិះ ដែលមានតម្លៃ១លានដុល្លាអាមេរិក ជូនដល់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា»។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ លោក លូ និងប្រជាជនតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ដែលបានឧបត្ថម្ភអង្ករតម្លៃ១លានដុល្លារ ដល់សម្តេច។ ក្នុងនាម សម្តេចផ្ទាល់ និងរាជរដ្ឋាភិបាលកម្ពុជា សម្តេចនឹងយកអង្ករទាំងនេះជូនទៅកាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាពមនុស្សធម៌ ជាពិសេសសម្រាប់ជួយជនរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់៕