header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយឯក លឹម សុខារស្មី បានបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន គ្មានសិទ្ធិប្រើប្រាស់អាវុធជាតិផ្ទុះ ដូច្នេះក្រុមហ៊ុនសន្ដិសុខឯកជន ផ្ដល់សេវា និងសហគ្រាសគ្រឹះស្ថាន មិនអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដែលមិនទាន់ចូលនិវត្តន៍។ នេះ​យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនលើកទី៧ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ លោក លឹម សុខារស្មី ថា នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានស្រាវជ្រាវបង្ក្រាបនូវភ្នាក់ងារសន្ដិសុខឯកជន ៨នាក់ ដែលប្រើប្រាស់អាវុធខុសច្បាប់ ដោយក្លែងខ្លួនជានគរបាលជាតិ និងយោធិនឈរជើងនៅតាមបណ្ដាធនាគារ និងគ្រឹះស្ថាន។

លោកថា ភ្នាក់ងារសន្ដិសុខឯកជន គ្មានសិទ្ធិប្រើប្រាស់អាវុធជាតិផ្ទុះជាដាច់ខាត ហើយក្រុមហ៊ុនសន្ដិសុខឯកជនផ្ដល់សេវា និងសហគ្រាស គ្រឹះស្ថាន មិនអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងប្រដាប់អាវុធ នគរបាល ,កងរាជអាវុធហត្ថ ,យោធិន ជាដើម ដែលមិនទាន់ចូលនិវត្តន៍ មកឈរជើងតាមគោលដៅរបស់ខ្លួន ដោយគ្មានលិខិតស្នាម ឬគ្មានការអនុញ្ញាតពីអង្គភាពសាមីនោះឡើយ

លោកបន្ដថា មានជនខិលខូចមួយចំនួន បានជ្រកក្រោមស្លាកជាសន្ដិសុខឯកជន បានប្រព្រឹត្តបទល្មើសដោយផ្ទាល់ និងសមគំនិតជាមួយឧក្រិដ្ឋជន ប្រព្រឹត្តបទល្មើស ជាហេតុបង្កឲ្យមានហានិភ័យ ដល់គោលដៅសំខាន់ៗ និងងាយរងគ្រោះបំផុត នៅតាមគ្រឹះស្ថានឯកជន ដែលមានភ្នាក់ងារសន្ដិសុខឯកជនឈរជើង ទោះបីក្រុមហ៊ុនភាគច្រើនមានការគ្រប់គ្រងបានល្អក្ដី ប៉ុន្ដែក៏ទទួលរងគ្រោះដោយសារបុគ្គលិកសន្ដិសុខមួយចំនួនផងដែរ។

ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ក៏បានបានអំពាវនាវ ឲ្យក្រុមហ៊ុនសន្ដិសុខឯក សហគ្រាស និងគ្រឹះស្ថានទាំងអស់ មុននឹងជ្រើសរើសភ្នាក់ងារសន្ដិសុខឲ្យចូលបម្រើការងារ ត្រូវពិនិត្យប្រវត្តិរូបឲ្យបានច្បាស់លាស់ ព្រោះខ្លាចក្រែងរងគ្រោះដោយសារបុគ្គលិកទៅប្រព្រឹត្តអំពើខុសច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post