header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាលប្រជុំនន្ទី “អគារ ខ” សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ទាំង ៣រូប ក្នុងខេត្តស្វាយរៀង នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០ សីហា ២០១៨ ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំង៣រូប ដែលបានខិតខំប្រឹងប្រែងសិក្សារហូតទទួលបាននិទ្ទេស A ដែលជានិទ្ទេសល្អប្រសើរបំផុត ក្នុងជីវិតសិក្សានៅថ្នាក់មធ្យមសិក្សា ដែលលទ្ធផលនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជាមាតាបិតាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាលាប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាព និងមុខមាត់របស់ខេត្តស្វាយរៀងយើងទាំងមូល ។

ជាមួយនេះឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ជូនថា យុវជននាពេលបច្ចុប្បន្ននេះ ពិតជាមានសំណាងណាស់ ដែលមានឱកាសពេញលេញ និងសម្បូរបែប ទទួលបាននូវការអប់រំសិក្សាគ្រប់ទីកន្លែង ព្រោះថាសាលារៀនត្រូវបានពង្រាយទៅកៀកជាប់នឹងរបងផ្ទះតែម្ដង ផ្ទុយស្រឡះពីជំនាន់មុន ដែលពុំមានឱកាសពេញលេញបែបនេះទេ ណាមួយសាលារៀននៅឆ្ងាយពីផ្ទះផង ណាមួយត្រូវជួយកិច្ចការផ្ទះផង ណាមួយត្រូវគេចពីគ្រាប់ផ្លោងផង ដោយសារកាលនោះប្រទេសជាតិគ្មានសន្តិសុខពេញលេញដូចសព្វថ្ងៃនេះទេ ដូច្នេះតម្លៃនៃសន្តិភាពដែលរាជរដ្ឋាភិបាល ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជូនជាតិមាតុភូមិ ពិតជាមានសារៈសំខាន់ណាស់ ដែលទាមទារឲ្យយុវជនជំនាន់ក្រោយត្រូវរួមគ្នាការពារ និងថែរក្សាឲ្យបានគង់វង្ស ។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀត ត្រូវធ្វើអំពើណាដែលល្អ និងមានផលប្រយោជន៍ដល់សង្គម ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ ចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ព្រមទាំងត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង ។

ដើម្បីជាការចូលរួមអបអរសាទរ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សជ័យលាភីនិទ្ទេស A ទាំង៣រូប ឯកឧត្ដមអភិបាលខេត្ត បានផ្ដល់រង្វាន់លើកទឹកចិត្តសម្រាប់សិស្សានុសិស្សម្នាក់ៗទទួលបាន ម៉ូតូហុងដាឌ្រីម ស៊េរី ឆ្នាំ២០១៨ ចំនួន ០១គ្រឿង Laptop ១គ្រឿង និងថវិកា ១០០.០០០រៀល ដោយឡែក លោកនាយកវិទ្យាល័យហ៊ុនសែនស្វាយជ្រំ និងវិទ្យាល័យហ៊ុនសែនកំពង់ចក ដែលមានសិស្សទទួលបាននិទ្ទេស A ក៏ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ចំនួន ២០០.០០០រៀល ផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងសប្បុរសជនផ្សេងៗទៀត ដែលបានចូលរួម និងឧបត្ថម្ភជាថវិកា និងសម្ភារសម្រាប់ផ្ដល់ជូនសិស្សនិទ្ទេស A នៅថ្ងៃនេះ ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post