កាលពីពេលថ្មីៗនេះ អាជ្ញាធរជំនាញ និងសមត្ថកិច្ចចម្រុះ រួមមាន៖ ក្រុមការងារធនាគារជាតិនៃកម្ពុជា ដឹកនាំដោយលោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានអាជ្ញាប័ណ្ណ គណៈកម្មការមូលបត្រកម្ពុជា ដឹកនាំដោយលោក សៀង ធីរិទ្ធ អគ្គនាយករង និងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានកណ្ដាលសន្តិសុខ នៃក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ មៀច ដេវីត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតបានចុះត្រួតពិនិត្យ ទីតាំងក្រុមហ៊ុនមួយឈ្មោះ BIQUAN TECHNOLOGY ស្ថិតនៅផ្ទះលេខ S-58 ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
និងក្រុមហ៊ុនមួយទៀតឈ្មោះ Hui Shang International Remittances ស្ថិតនៅផ្ទះលេខ S-59 ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយបញ្ចប់ការត្រួតពិនិត្យ អាជ្ញាធរចម្រុះសម្រេចផ្អាកសកម្មភាពក្រុមហ៊ុនចិនទាំង២ខាងលើ ដែលពុំមានច្បាប់អនុញ្ញតនៃកិច្ចប្រតិបត្តិការអាជីវកម្មលើសេវាកម្មផ្ញើ វេរប្រាក់ ប្តូរប្រាក់ ជាពិសេសប្រមែប្រមូល ប្រាក់ពីអតិថិជនក្នុងការជួញដូរកាសអេឡិចត្រូនិក (digital asset/cryptocurrency)។
អាជ្ញាធរចម្រុះបានបញ្ជាឱ្យ បញ្ឈប់សកម្មភាពផ្សព្វផ្សាយ ចរាចរ ទិញ លក់ ទូទាត់ កាសអេឡិចត្រូនិក ប្រហាក់ប្រហែល និងប្រមូលប្រាក់ពីអតិថិជន ត្រូវរុះរើផ្លាកអាជីវកម្មចេញ Logo Coinups និងហាមរុះរើសម្ភារទាំងអស់នៅក្នុងអគារចេញពីទីតាំងដើម។
លោកឧត្ដមសេនីយ៍ទោ មៀច ដាវីត បានបញ្ជាក់ឱ្យដឹងថា សមត្ថកិច្ច និងស្ថាប័នជំនាញបានចុះទៅណែនាំឱ្យក្រុមហ៊ុន ស្នើសុំច្បាប់អនុញ្ញាតពីធនាគារជាតិ នៃកម្ពុជា គឺក្នុងគោលបំណងទប់ស្កាត់ ការចរាចរណ៍ និងលាងលុយកខ្វក់ឆ្លងដែនចូលកម្ពុជាយើង ដែលបានមកពីការប្រព្រឹត្តបទល្មើសផ្សេងៗ។
ក្រុមហ៊ុនទាំង២បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរចម្រុះដោយទទួលស្គាល់កំហុសដែលធ្វើអាជីវកម្មដោយគ្មានការអនុញ្ញាត ហើយយល់ព្រមផ្អាកសកម្មភាពអាជីវកម្មទាំងស្រុង។
គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការទប់ស្កាត់បទល្មើសហិរញវត្ថុ និងការចរាចរខុសច្បាប់កាស់អេឡិចត្រូនិក។