នៅរសៀលថ្ងៃទី២៧ ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូបានអញ្ជើញទៅដល់ទឹកដីសហរដ្ឋអាមេរិក។ ពេលទៅដល់ព្រលានយន្តហោះនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ភ្លាម អ្នកកាសែនបានសួរទៅសម្តេចថា៖ អ្នកប្រឆាំង ថាគេ (អាមេរិក)វាស់ដីឱ្យសម្តេចដើរ ពេលមកអាមេរិក តើសម្តេច អាចដើរទៅណាផ្សេងបានទេ?។
សម្តេចតេជោឆ្លើយថា៖ កម្មវិធីខ្ញុំទៅណា ជាកម្មវិធីរបស់ខ្ញុំ។ សម្តេចបញ្ជាក់ថា៖ សូមផ្តាំទៅវិញផងថា គេនិយាយហ្នឹង ត្រឹមត្រូវហើយ គឺអាមេរិកវាស់ដីឱ្យខ្ញុំដើរ ព្រោះខ្ញុំ អត់ដើរទៅផ្លូវណាផ្សេង ក្រៅពីផ្លូវព្រលានយន្តហោះ មកសណ្ឋាគារ ចេញពីសណ្ឋាគារ ចូលអង្គការសហប្រជាជាតិ។ វា តែប៉ុណ្ណឹង។
លោក សម រង្ស៊ី ធ្លាប់បានចំអកឱ្យសម្តេច ហ៊ុន សែន ថាមិនអាចដើរទៅកន្លែងណាផ្សេងនោះទេ នៅពេលទៅដល់សហរដ្ឋអាមេរិក អាចដើរបានតែនៅលើផ្លូវ ដែលគេកំណត់ឲ្យប៉ុណ្ណោះ។
យោងតាមហ្វេសប៊ុកសម្តេចបានឱ្យដឹងថា៖ ក្រោយពី សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ សណ្ឋាគារ គឺមានបងប្អូនខ្មែរដែលជាតំណាងសហគមមកពីតាមបណ្តារដ្ឋនានា និងក្រុមគ្រួសារបងប្អូនដែលគោរពស្រឡាញ់ សម្តេចតេជោ ជាច្រើននាក់បានមកទទួលស្វាគមន៍យ៉ាងរាក់ទាក់និងកក់ក្តៅបំផុត។
តាមកម្មវិធី គឺនៅថ្ងៃទី២៩ ខែកញ្ញា ស្អែកនេះ សម្តេចប្រមុខដឹកនាំនឹងអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនខ្មែរអាមេរិកាំងមកពីតាមបណ្តារដ្ឋនានាជាច្រើនពាន់នាក់ទៀតផង។
សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញទៅសហរដ្ឋអាមេរិកដើម្បីចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។ ហើយ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថាទៅ កាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ (UN)នៅថ្ងៃទី២៨ ខែកញ្ញា។