
កណ្តាលៈ ក្រុមក្មេងស្ទាវពីរក្រុម ផឹកស៊ីតុក្បែរគ្នា នៅក្នុងហាង អឹមដឺបេសហ្វូត ក្រោយសាលាសេរីភាពក្រុងតាខ្មៅ ក៏បានទាស់ពាក្យសម្តី ឌឺដងគ្នា រួចជិះម៉តូ បើកឡាន ដេញវាយគ្នា និងគប់ដុំថ្មដាក់គ្នាតាមផ្លូវជាតិ បណ្តាលឲ្យយុវជនម្នាក់ រងរបួសបែកក្បាលហូរឈាមស្រោចខ្លួន បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ រហូតដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ កាលពីវេលាម៉ោងប្រមាណជាង១១យប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខសាខាលក់ម៉ូតូហុងដា ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សាក្សីនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនទាំងពីរក្រុម បានចូលផឹកស៊ី ស្តាប់ភ្លេងនៅក្នុងហាង អឹមដឺបេសហ្វូត អង្គុយតុជិតគ្នា ស្រាប់តែមួយសន្ទុះក្រោយមក ក្រុមទាំងពីរបាននិយាយឌឺដងគ្នាទៅវិញទៅមក រហូតដល់ទាស់ពាក្យសម្តីគ្នា។ លុះមួយសន្ទុះក្រុមទាំងពីរបានឲ្យគេគិតលុយ រួចធ្វើដំណើរចេញមានជិះម៉ូតូ និងរថយន្ត ទាំងពីរក្រុមជិត២០គ្រឿង បានជិះដេញវាយគ្នា ប្រដាប់ដោយដាវ និងដុំថ្ម បណ្តាលឲ្យយុវជនម្នាក់ រងរបួសបែកក្បាលឈាមហូរស្រោចខ្លួន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ។ តែសំណាងល្អបានសមត្ថកិច្ចក្រុងតាខ្មៅ ចុះទៅកន្លែងកើតហេតុទាន់ពេលវេលា ធ្វើឲ្យក្រុមទាំង២ បំបែកហ្វូងនាំគ្នាជិះម៉ូតូ បើករថយន្តរត់គេចខ្លួនបាត់អស់ទៅ។


ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំង ចំពោះទីតាំងកន្លែងផឹកស៊ី អឹមដឺបេសហ្វូត ក្រោយសាលាសេរីភាពក្រុងតាខ្មៅ តែងតែបង្កភាពអសន្តិសុខ ចាក់សម្លេងលឺៗ ពីព្រលប់ដល់កណ្តាលយប់ជ្រៅ និងមានការប្រមូលផ្តុំទៅដោយក្រុមក្មេងស្ទាវ ក្រុមសង្គមងឹត ចូលផឹកស៊ីបង្ករឿង វាយគប់គ្នា និងធ្វើសកម្មភាពផ្សេងៗ ដែលក្រុមក្មេងស្ទាវទាំងអស់នោះ ចេញពីទីតាំងកន្លែងផឹកស៊ីនោះ។ មិនតែប៉ុណ្ណោះ ទីតាំងខាងលើមិនដែលឃើញអាជ្ញាធរមកធ្វើការណែនាំទេ ឬក៏ម្ចាស់ទីតាំងខាងលើនោះមានតួនាទី និងខ្សែធំ ជាងអាជ្ញាធរមូលដ្ឋាន...?៕





