ភ្នំពេញៈ ក្មេងៗកម្មករប្រុសស្រីទាំង១៥នាក់ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ប្តឹងលោកថៅកែប្រុសឈ្មោះ ធួក គួង ភេទប្រុស អាយុ៥៥ឆ្នាំ ពីបទប្រើអំពើហិង្សា ក្រោយពេលដាក់ពាក្យបណ្តឹងចប់សព្វគ្រប់ហើយ លោកស្រី ហ៊ុន ចាន់ថុល បានផ្តល់រថយន្តដឹកជញ្ជូនក្មេងប្រុសស្រីទាំង១៥នាក់ និងផ្តល់ថវិកាក្នុងម្នាក់ៗ១០ម៉ឺនរៀល និងឲ្យក្រុមការងារសហការជាមួយក្រុមអ្នកសារព័ត៌មានជួយនាំក្មេងៗទាំងនោះត្រឡប់ទៅស្រុកកំណើតវិញផងដែរ។
សូមបញ្ជាក់ថា បុគ្គលិកសិប្បកម្មធ្វើនំពងទាចំនួន១៤នាក់ ក្នុងចំណោមបុគ្គលិកជាង៣០នាក់ ត្រូវបានថៅកែប្រដេញចេញពីកន្លែងទាំងយប់ ថែមទាំងមិនព្រមបើកប្រាក់ខែឲ្យ និងបានប្រើប្រាស់អំពើហិង្សាទៅលើបុគ្គលិកទាំងនោះថែមទៀតផង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចសិប្បកម្មធ្វើនំពងទាយីហោ ឡាយ គាងហួរ ស្ថិតតាមបណ្តោយផ្លូវលំ ក្រុមទី១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ក្មេងប្រុសស្រីទាំង១៤នាក់ខាងលើ បានរៀបរាប់ឲ្យដឹងថា ពួកគេទាំងអស់គ្នា គឺមានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ហើយពួកគាត់មកធ្វើការនៅសិប្បកម្មធ្វើនំខាងលើនេះ ទើបតែបានបួនថ្ងៃនោះទេ។
ពួកគេបន្តថា មុនពេលកើតហេតុ យុវតីម្នាក់ឈ្មោះ ហៃ នីតា អាយុ១៦ឆ្នាំ ជាអ្នកធ្វើការជាមួយគ្នា និងបងស្រីនាងម្នាក់ទៀតបានយកខោអាវ ដែលបោករួចទៅហាលនៅខាងលើដំបូលផ្ទះ ក្នុងសិប្បកម្មខាងលើ ។ បន្ទាប់មកក៏មានយុវជនម្នាក់ទៀត ឈ្មោះ សឹង រត្នណាក់ អាយុ១៨ឆ្នាំ ជាបុគ្គលិកធ្វើនំនៅកន្លែងកើតហេតុ ក៏បានទៅឈរនិយាយគ្នាលេង និងជួយហាលខោអាវយុវតីខាងលើ ក្នុងនាមជាអ្នកភូមិផងរបងជាមួយនិងធ្វើការជាមួយគ្នា ។ លុះដល់វេលាកើតហេតុ ថៅកែ និងជាម្ចាស់សិប្បកម្មធ្វើនំពងទាខាងលើបានឡើងមកខាងលើដំបូលផ្ទះឃើញយុវជន និងយុវតីទាំងពីរនាក់នោះកំពុងឈរនិយាយគ្នាលេង ស្រាប់តែបុរសជាថៅកែខាងលើបានស្ទុះមកវាយយុវតីខាងលើមួយកំភ្លៀងចំថ្ពាល់ខាងឆ្វេងបណ្តាលឲ្យហើម ដោយចោទពួកគេទាំងពីរនាក់ថា មានលួចលាក់ស្នេហានៅក្នុងសិប្បកម្មរបស់ខ្លួន។ រួចក៏បានប្រដេញយុវជនខាងលើចេញពីរោងសិប្បកម្មទាំងយប់ ដោយថែមទាំងស្រែកចោទយុវជនខាងលើថា ជាចោរទៀតផង។ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិកដែលធ្វើការនៅកន្លែងកើតហេតុនាំគ្នាចេញមកមើល។
បន្ទាប់មកថៅកែរូបនោះបានដេញបុគ្គលិកផ្សេងទៀតឲ្យចូលទៅក្នុងសិប្បកម្មនោះវិញរួចក៏ទាញទ្វាររបងបិទ។ ហើយបុរសដែលជាថៅកែរូបនោះបានស្រែកដាក់ទៅបុគ្គលិកទាំងអស់ថា «បើអាណាចង់ចេញទៅវិញចេញទៅ យប់នេះឲ្យហើយ តែត្រូវបង់លុយឲ្យរូបគេ ដែលជាថៅកែក្នុងម្នាក់ចំនួន២០ដុល្លារ ទើបអាចចេញបាន ហើយបើអាណាហ៊ានផ្លោះរបងអញ និងប្រាប់ប៉ូលិសឲ្យចាប់ដាក់គុក។
ការឈ្លោះប្រកែកគ្នារវាងបុគ្គលិក ដែលទើបចូលមកធ្វើការ និងបុរសជាថៅកែក៏បានប្រដេញបុគ្គលិក ដែលទើបចូលមកធ្វើការខាងលើ ឲ្យចេញទៅខាងក្រៅ រួចបិទទ្វាររបងចាក់សោជិត ដោយមិនយកអ្វីចេញទៅទាំងអស់ សូម្បីតែខោអាវរបស់ពួកគេ។ ដោយឡែកបុគ្គលិកផ្សេងទៀត ដែលត្រូវមិនបានថៅកែខាងលើប្រដេញចេញ គឺបាននាំគ្នាទៅសង្ងំដេកនៅខាងក្នុងបាត់អស់ទៅ ។ បន្ទាប់មកពួកគាត់ជាបុគ្គលិក ដែលត្រូវបានថៅកែដេញចេញខាងលើ បានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ ខណៈពេលដែលសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ ទើបបុរសដែលជាថៅកែព្រមប្រគល់របស់របរមកឲ្យបុគ្គលិកទាំង១៤នាក់ខាងលើវិញ ប៉ុន្តែមិនព្រមបើកប្រាក់ខែ ដែលបុគ្គលិកទាំងអស់នោះធ្វើបានចំនួន៤ថ្ងៃមកឲ្យពួកគេទាំង១៤នាក់នោះទេ។
ក្រោយពេលកើតហេតុដោយក្តីអាណិតអាសូរ ក៏មានប្រជាពលរដ្ឋខ្លះបានជួយជាលុយបន្តិចបន្តួច និងខ្លះទៀតជួយជាគ្រឿងបរិភោគទៅបុគ្គលិក ដែលត្រូវថៅកែដេញចេញដូចជាសត្វធាតុខាងលើ សម្រាប់ជាសាហ៊ុយទៅស្រុកវិញ។ បន្ទាប់មកបុគ្គលិកប្រុសស្រីទាំង១៤នាក់នោះបាននាំគ្នាចេកចេញពីសិប្បកម្មកើតហេតុខាងលើ ទៅរកកន្លែងសម្រាកមួយយប់សិនរង់ចាំព្រឹកស្អែកទៅធ្វើការដាក់ពាក្យបណ្ដឹង ហើយត្រឡប់ទៅស្រុកកំណើតវិញ។
គួរបញ្ជាក់ថា សិប្បកម្មកើតហេតុខាងលើ គឺសង្កេតឃើញមានកុមារអាយុក្រោម១៨ឆ្នាំ ដែលមិនទាន់គ្រប់អាយុបំពេញការងារបានមកបម្រើការងារនៅក្នុងសិប្បកម្មខាងលើជាច្រើននាក់ ដូច្នេះយើង សង្ឃឹមថា សមត្ថកិច្ចក៏ដូចជា អាជ្ញាធរពាក់ព័ន្ធ និងមានចំណាត់ការទៅលើសិប្បកម្មខាងលើ ។
ក្រោយពេលថៅកែប្រុសបានទះកំផ្លៀងលើក្មេងស្រី និងស្តីបន្ទោសកម្មករទាំងកណ្តាលយប់ផ្អើលដល់ក្រុមអ្នកសារព័ត៌មានយើងជាច្រើនស្ថាប័នចុះទៅផ្តិតរូប និងធ្វើការ Live ផ្ទាល់ ផ្អើលដល់លោកស្រី ហ៊ុន ចាន់ថុល ក្មួយស្រីបង្កើតសម្ដេចតេជោ បានឲ្យក្រុមការងារចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីរំដោះយកកម្មករប្រុសស្រីចំនួន១៥នាក់យកមកស្នាក់នៅផ្ទះសំណាក់បណ្តោះអាសន្នមួយយប់សិន នៅឯខណ្ឌចំការមន។ លុះស្អែកឡើងវេលាម៉ោង២រសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ក្មេងកម្មករប្រុសស្រីទាំង១៥នាក់ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ប្តឹងលោកថៅកែប្រុសឈ្មោះ ធួក គួង ភេទប្រុស អាយុ៥៥ឆ្នាំ ពីបទប្រើអំពើហិង្សា ។
ក្រោយពេលដាក់ពាក្យបណ្តឹងចប់សព្វគ្រប់ហើយ លោកស្រី ហ៊ុន ចាន់ថុល បានផ្តល់រថយន្តដឹកជញ្ជូនក្មេងប្រុសស្រីទាំង១៥នាក់ និងផ្តល់ថវិកាក្នុងម្នាក់ៗ១០ម៉ឺនរៀល និងឲ្យក្រុមការងារសហការជាមួយក្រុមអ្នកសារព័ត៌មានយើង ជួយនាំក្មេងៗទាំងនោះត្រឡប់ទៅស្រុកកំណើតវិញផងដែរ ។
បច្ចុប្បន្ននេះក្រុមអ្នកសារព័ត៌មាន រួមជាមួយនិងក្រុមការងាររបស់លោកស្រី ហ៊ុន ចាន់ថុល បានជូនក្មេងប្រុសស្រីទាំង១៥នាក់នោះ ទៅដល់ស្រុកកំណើតវិញ ដោយសុវត្ថិភាពហើយ នៅវេលាម៉ោងជិត៨យប់ ថ្ងៃដដែល ហើយជាចុងក្រោយក្មេងៗបាននាំគ្នាសម្ដែងការអរគុណទាំងអារម្មណ៍រំភើប និងក្ដុកក្ដួលចង់ស្រក់ទឹកភ្នែក ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ជ្រាលជ្រៅបំផុត របស់លោកស្រី ហ៊ុន ចាន់ថុល ក្មួយស្រីបង្កើតសម្ដេចតេជោ ដែលបានជួយឧបត្ថម្ភជ្រោមជ្រែងផ្ដល់ថវិកា តាមរយៈក្រុមការងាររបស់លោកស្រី ចុះមកសហការជាមួយក្រុមអ្នកសារព័ត៌មាន រហូតបានជួយជូនពួកគេត្រឡប់ទៅស្រុកកំណើតវិញ ប្រកបដោយសុវត្ថិភាព៕