
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ស្នងការរងនគរបាលជាតិ បានបង្ហើបយ៉ាងខ្លីប្រាប់ថា ករណីប្លន់ធនាគារ ឥណ្ឌូ ឆាយណា RHB នេះសមត្ថកិច្ចកំពុងមានរបាយការណ៍ក្នុងដៃច្រើន ដើម្បីតាមប្រមាញ់ចាប់ខ្លួនក្រុមចោរទាំងនោះ។
នាយឧត្តមសេនីយ៍សង្កត់ធ្ងន់ថា ការតាមដាននេះ សមត្ថកិច្ចមានតម្រុយ និងភាពរីកចម្រើនទៅមុខ ប៉ុន្តែយើងត្រូវរក្សាការសម្ងាត់ដើម្បីទុកភារកិច្ចឱ្យសមត្ថកិច្ចតាមដានសិន។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បន្ថែមថា៖ ជាងមួយសប្ដាហ៍ហើយ ដែលសមត្ថកិច្ចបាននិងកំពុងស្វិតស្វាញ ប្រដេញប្រកៀកក្រុមចោរទាំងនោះ ដ្បិតមិនទាន់សម្រេចលទ្ធផលផ្លែផ្កាក្តី ប៉ុន្តែសមត្ថកិច្ចបានតម្រុយវិវត្តច្រើនលើករណីប្លន់ធនាគារនេះ។
សូមរំលឹកថា កាលពីថ្ងៃទី២៣ សីហា កន្លងមក មានករណីប្លន់ធនាគារ ឥណ្ឌូឆៃណា RHB ទាំងកណ្ដាលថ្ងៃត្រង់ ដែលមានទីតាំងនៅវិទ្យាស្ថាន វណ្ណ ដា គណនេយ្យ តាមបណ្តោយផ្លូវម៉ៅសេទុង ដោយក្រុមចោរមានគ្នា ៥ នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី ២ដើម ប្លន់ប្រមូលយកលុយអស់ជាង ១០ម៉ឺន ដុល្លារ ហើយក៏រត់គេចទៅដោយសុវត្តិភាព។ ក្រោយកើតហេតុភ្លាមៗ សមត្តកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស ក្រោយសាកសួរអស់ជាច្រើនម៉ោង ទើបដឹងថាយុវជនរូបនេះមិនបានពាក់ព័ន្ធនិងករណីប្លន់នេះឡើយ ហើយក៏ដោះលែងឲ្យមកផ្ទះវិញ។