
អ្នកវិភាគនយោបាយសង្គម លោក គឹម សុខ និងកូនស្រីរបស់លោកម្នាក់ទៀតអាយុ៦ឆ្នាំបានភៀសខ្លួនដល់ទីកន្លែងមានសុវត្ថិភាពហើយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។ នេះបើតាមប្រភពនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកដែលគួរឱ្យទុកចិត្ត ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីលោក គឹម សុខ ផ្ទាល់។ ការភៀសខ្លួនរបស់ លោកគឹម សុខ ធ្វើឡើងក្រោយពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានគំរាមចាប់ខ្លួនលោកឡើងវិញ ប្រសិនបើអ្នកវិភាគនយោបាយរូបនេះ ៨០០លានរៀល។

សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបានតុលាការដំបូងរាជធានីភ្នំពេញ ដោះលែងឱ្យមានសេរីភាពកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ក្រោយពីលោកជាប់ពន្ធនាគារអស់រយៈពេល១៨ខែ គ្រប់អាជ្ញាយុកាលដោយសារ លោក ហ៊ុន សែន ប្តឹងរូបលោកថាបានចោទគណបក្សប្រជាជនកម្ពុជាជាអ្នកនៅពីក្រោយឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ គំរាមថា បើលោក គឹម សុខ មិនបង់ប្រាក់សំណងចំនួន៨០០លានរៀល (ប្រមាណ២០ម៉ឺនដុល្លារអាមេរិក) ត្រូវបានដាក់ពន្ធនាគារវិញ។

ជាការឆ្លើយតបលោក គឹម សុខ បានសរសេរនៅលើគណនីហ្វេសប៊ុកថា៖ ខ្ញុំគ្មានលុយសងលោក ហ៊ុន សែន នោះទេ គឺមានតែបេះដូងស្នេហាជាតិមួយប៉ុណ្ណោះ ហើយបើលោកហ៊ុន សែនចង់បានបេះដូងរបស់លោកទៀតនោះ គឺមានតែបញ្ជាឲ្យសភាឯកបក្សថ្មីរបស់លោកធ្វើច្បាប់ថ្មីមួយដើម្បីវះកាត់យកបេះដូងរបស់លោកទៅ។
លោក គឹម សុខ ធ្លាប់បានអះអាងថាលោកនៅតែបន្តការងាររបស់លោក ប៉ុន្តែមិនចាកចេញពីប្រទេសកម្ពុជាដើម្បីទៅរស់នៅបរទេសនោះឡើយ។