
ភ្នំពេញៈ បុរសចំណាស់ម្នាក់ ខំឡើងជិះរថយន្តតាក់ស៊ីពីខេត្តស្វាយរៀង មកលេងប្រពន្ធ និងកូនស្រីនៅធ្វើការភ្នំពេញ មិនបានឡើងដល់បន្ទប់ជួលប្រពន្ធនិងកូនផង ដល់ត្រឹមច្រកផ្លូវចូល ស្រាប់តែដួលក្អួតធ្លាក់ឈាម ស្លាប់មួយរំពេច។
ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវលំក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
សពត្រូវបានគេស្គាល់ឈ្មោះ គិត ពិ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះ សារុន ណន អាយុ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ។

ប្រពន្ធសព បានរៀបរាប់ឲ្យដឹងថា គាត់មានកូនស្រីចំនួន៤នាក់ រស់នៅឯស្រុកម្នាក់ មើលថែឪពុក កូនស្រីម្នាក់ ស្នាក់នៅធ្វើការជាមួយគាត់ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ ចំណែកកូនស្រី២នាក់ទៀត ទៅធ្វើពលករនៅប្រទេសថៃ។
ស្រ្តីជាប្រពន្ធ បន្តទៀតថា ប្តីគាត់ មានជំងឺប្រចាំកាយ ក្រពះរាំរ៉ៃ ដោយសារផឹកស្រាច្រើន ព្យាបាលមិនជាសះស្បើយ ហើយមុនកើតហេតុ ប្តីគាត់បានប្រាប់គាត់ជាមុនដែរ ថា មកលេងភ្នំពេញ ម្យ៉ាងមករកលុយ ទិញថ្នាំ និងទិញជីដាក់ស្រែផង ហើយខណៈដែលគាត់កំពុងធ្វើការរោងចក្រក្បែរនោះ ស្រាប់តែសាច់ញាតិទៅប្រាប់ថា ប្តីដួលស្លាប់តាមផ្លូវទៅវិញ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសខាងលើ ដើរតាមផ្លូវ ដល់ចំណុចកែងផ្លូវចូលផ្ទះជួល ស្រាប់តែកើតមានអាការៈក្អួតធ្លាក់ឈាម ប្រកាច់ដួលស្លាប់តែម្តង។
ក្រោយកើតហេតុ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ ឃើញថា ពិតជាស្លាប់ដោយសារជំងឺផ្ទាល់ខ្លួន រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។