ព្រះសីហនុ៖ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ ដែលជាក្រុមហ៊ុនរបស់ លោកស្រី ជឹង សុភាព ហៅយាយភូ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យកាយដីនោះចេញវិញភ្លាមៗ និងធ្វើយ៉ាងណាឱ្យឆ្នេរធម្មជាតិនេះ ឱ្យនៅដូចដើម។
ក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ នៅរសៀលថ្ងៃនេះ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ធ្វើការចុះពិនិត្យស្ថានភាពជាក់ស្ដែង និងអាចឈានដល់ការកាយដីដែលចាក់រំលោភចូលឆ្នេរនោះចេញតែម្ដង។
សូមបញ្ជាក់ថា លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរ ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍន៍ នៅតំបន់ឆ្នេរព្រែកត្រែង កំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរ ដោយអនុញ្ញាតឲ្យគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ឬឆ្ងាយជាងនេះ រាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុននោះ បំផ្លាញឆ្នេរដ៏ស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរនោះទេ។
គូសបញ្ជាក់ថា កាលថ្ងៃអង្គារទី១១ខែកញ្ញាឆ្នាំ២០១៨នេះ ឯកឧត្តម សុខសុវណ្ណវឌ្ឍនាសាប៊ុង បានរិះគន់ធ្ងន់ៗចំពោះទិដ្ឋភាពនៃការចាក់ដីចូលសមុទ្រ ហេីយលេីកឡេីងពីទិដ្ឋភាពច្បាប់ដែលក្រុមហ៊ុនយាយភូបំពានលេីអនុក្រឹត្រស្ដីពីឆ្នេរសមុទ្រកម្ពុជា រហូតមកដល់ថ្ងៃទី ១៧ខែកញ្ញាឆ្នាំ២០១៨នេះទេីបគណកម្មាធិកាគ្រប់គ្រងឆ្នេរសមុទ្រចេញប្រតិកម្មនឹងទទួលអនុសាសន៍សម្ដេចតេជោអនុវត្តន៍ច្បាប់តែម្ដង។ យ៉ាងណាមិញ លោកសុខសុវណ្ណវឌ្ឍនាសាប៊ុងលោកបញ្ជាក់ថាការអនុវត្តន៍ច្បាប់ត្រឹមកាយដីមិនគ្រប់គ្រាន់ទេ លោកនឹងទៅតាមដានការអនុវត្តន៍ច្បាប់ និងសិក្សាបន្ថែមរកអ្នកបេីកដៃលេីការចាក់ដីចូលឆ្នេរនេះបន្ថែមទៀត ដែលលោកដូចជាសម្ដៅទៅចៅហ្វាយខេត្តកំពង់សោមគឺលោកយន្តមីន ។