header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ មិនដែលព្រងើយកន្តើយ ចំពោះបញ្ហាដែលបានកើតឡើងលើ​ប្រជាពលរដ្ឋនោះទេ ដូចជា បញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនេះជាដើម អាជ្ញាធរបានដោះស្រាយ តាំងពីមុនពេល មានបញ្ហាលិចលង់មកម្ល៉េះ ប៉ុន្តែការធ្វើមិនទាន់បានរួចរាល់ ដើម្បីឆ្លើយតបទាន់ពេលវេលា។

នៅក្នុងដំណើរចុះពិនិត្យស្ថានភាព នៃការលិចលង់ ដោយទឹកភ្លៀង និងពិនិត្យការដ្ឋានដាក់លូ ព្រមទាំង​ចែកអំណោយជូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍អណ្តូង ក្នុងបរិវេណវត្ត ឈូកវ៉ា  ស្ថិតនៅក្នុងសង្កាត់ គោករការ ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៥ ខែ កញ្ញានេះ លោក ឃួង ស្រេង បានអះអាងថា ជាផែនការ របស់រដ្ឋបាលរាជធានីភ្នំពេញ បានដាក់លូយុទ្ធសាស្រ្ត និងស្តារប្រឡាយ លូ ជាច្រើនខ្សែ ក្នុងតំបន់នេះ ប៉ុន្តែការដាក់លូទាំងនោះ មិនទាន់រួចរាល់ជាស្ថាពរ ទើបធ្វើឱ្យជន់លិច។ យ៉ាងណាអាជ្ញាធរខណ្ឌ និង ស្ថាប័នពាក់ព័ន្ធ កំពុងចាត់វិធានការបន្ទាន់ ដើម្បីរំដោះទឹកចេញពីតំបន់នេះ ឱ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាន តាមរយៈការកាយប្រឡាយពង្វៀងទឹកទម្លាក់​ទៅបឹងកប់ស្រូវ និងប្រឡាយទួលសំពៅ ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលកំពុងរងការលិចលង់ ទំរាំការស្ថាបនាលូយុទ្ធសាស្រ្ត បានរួចរាល់នាពេលមុខនេះ

លោកអភិបាលបញ្ជាក់ថា រាល់ការដោះស្រាយបញ្ហា គឺត្រូវការពេលវេលា ដូច្នេះសុំប្រជាពលរដ្ឋមានការយោគយល់ ចំពោះអាជ្ញាធរ ដែលកំពុងមមាញឹក ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកំពុងរងការលិចលង់ ដោយជំនន់ទឹកភ្លៀង ពិសេសនៅប៉ែកខាងលិច រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានកត់សម្គាល់ឃើញថា ក្នុងអាណត្តិដឹកនាំរបស់ លោក ឃួង ស្រេង មានការស្តារ ប្រឡាយ លូ និង ស្ថាបនា ប្រឡាយ លូមេ រួមទាំងផ្លូវជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលងាយរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងក្នុងរដូវវស្សានេះ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៧២១ គ្រួសារ នៅក្នុងសហគមន៍អណ្តូង បានលិចលង់ ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ដោយទឹកភ្លៀង ហើយរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ មួយចំនួនទៅចែកជូន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post