
ពោធិសាត់ៈ ក្រុមយុវជនស្ទាវជាច្រើននាក់ ជាមុខសញ្ញាបង្ហោះការណូតលើផ្ទៃទឹក បង្កផលប៉ះពាល់សណ្តាប់ធ្នាប់ ចំនួន៧នាក់ រួមនឹងម្ចាស់ការណូត ដែលប្រើប្រាស់ម៉ាស៊ីនធំខុសលក្ខណៈបច្ចេកទេស ចំនួន៩នាក់ផ្សេងទៀត ត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាប យកមកអប់រំ ដោយតម្រូវឲ្យដោះដូរម៉ាស៊ីនចេញ និងបញ្ឈប់សកម្មភាពបើកការណូតបង្ហោះលើកក្រោយទៀតឡើយ។
ប្រតិបត្តិការណ៍នេះ ធ្វើឡើងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់។

បើតាមលោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា សមត្ថកិច្ចមូលដ្ឋាន សហការណ៍ជាមួយនគរបាលស្រុក នគរបាលប៉ុស្តិ៍ នគរបាលការិយាល័យចរាចរណ៍ជើងទឹក និងអាជ្ញាធរភូមិ-ឃុំ បានចុះដល់ទីតាំងខាងលើ ជាមុខសញ្ញាដែលតែងតែបើកការណូតបង្ហោះដោះបំពង់ស៊ីម៉ាំងចេញប៉ះពាល់សណ្តាប់ធ្នាប់ បង្កការរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋលើផ្ទៃទឹក ដោយហៅមកឲ្យធ្វើកិច្ចសន្យាបញ្ឈប់លើកទី១ បើមានលើកក្រោយទៀត និងត្រូវដកការណូតយកមកទុកជាការព្រមាន។ ដោយឡែក ចំពោះម្ចាស់ការណូតដែលប្រើប្រាស់ម៉ាស៊ីនធំចាប់ពីបួនម៉ាស៊ីនឡើងទៅ គឺតម្រូវរុះរ៉ើកែសម្រួលដោយខ្លួនឯង ដោយប្រើប្រាស់ម៉ាស៊ីនធុនតូចវិញ។

លោកថា ធ្វើយ៉ាងដូច្ចេះដើម្បីឲ្យសណ្តាប់ធ្នាប់ល្អផង ការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកផង ដែលកន្លងមកមានបទល្មើសលួច ប្លន់ សមត្ថកិច្ចតាមជនប្រព្រឹត្តមិនដែលទាន់ដោយសារតែពួកនេះ ប្រើប្រាស់ការណូតបំពាក់ដោយម៉ាស៊ីនធុនធំៗល្បឿនលឿនជាងសមត្ថកិច្ច។
លោកបញ្ជាក់ថា ប្រតិបត្តិការណ៍នេះ គឺធ្វើតែចំពោះមុខសញ្ញាដែលសមត្ថកិច្ចកំណត់ទៅតាមការណែនាំរបស់អភិបាលខេត្ត ក៏ដូចជាលោកស្នងការ៕

