ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមន្ត្រីនគរបាលជាន់ខ្ពស់៣រូប ជាអគ្គនាយកអន្តោប្រវេសន៍ អគ្គនាយកអត្តសញ្ញាណកម្ម និងអគ្គនាយកភស្តុភារ និងហរិញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ។ នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩១៩ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨។
មន្ត្រីនគរបាលជាន់ខ្ពស់៣រូបរួមមាន៖ ១៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ២៖ នាយឧត្តមសេនីយ៍ កង សុខន ពីអគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង៣៖ លោក សេង យូអ៊ាន់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ អគ្គនាយករង ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ។
សូមរំលឹកថាកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទូលថ្វាយស្នើសុំព្រះមហាក្សត្រ តែងតាំងមន្ត្រីនគរបាលជាន់ខ្ពស់៣រូបលើ ជាអគ្គនាយកអន្តោប្រវេសន៍ អគ្គនាយកអត្តសញ្ញាណកម្ម និងអគ្គនាយកភស្តុភារ និងហរិញ្ញវត្ថុ។