ភ្នំពេញៈ ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ប្រុស ស្រី៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ខណៈពួកគេទាំងនេះបានលួចសម្ងំនៅតាមហាងកាហ្វេ ម៉ាស្សា និងកោសជប់ ។
កាលពីថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង០០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ឌី គឹមហេង ជានាយរងការិយាល័យ បានចុះសហការជាមួយ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌទួលគោក មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ស្ថិតនៅ ហាងកាហ្វេ ម៉ាស្សានិងកោសជប់ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីមន្ត្រីដែលចុះអនុវត្តការងារនេះនិយាយថា ជាលទ្ធផល កម្លាំងពិនិត្យឃើញមាន ជនជាតិវៀតណាម សរុបចំនួន៩នាក់ (ស្រី១នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ត្រូវបានឃាត់ខ្លួនបញ្ជូន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕