
កំពង់ចាមៈ ករណីយុវជនម្នាក់ មានសតិមិនប្រក្រតី ខណៈដែលខ្លួនស្រវឹងស្រា ស្រាប់តែចាប់មេមាន់កំពុងក្រាបពង យកឡើងទៅលើផ្ទះ ហើយខ្ទាស់គន្លឹះទ្វារ រួចសម្ងំខាំកមាន់បឺតឈាម ដូចបិសាចជញ្ជក់ឈាមក្នុងរឿងកុន មិនតែប៉ុណ្ណោះ យុវជននេះ ថែមទាំងចាប់ស៊ីកកូនឆ្កែ៣ក្បាល ស៊ីសត្វគីង្គក់រស់១ក្បាល និងស៊ីកូនឆ្មាមួយក្បាលថែមទៀត នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ យុវជនឈ្មោះ រុន រាជ មានសភាពធូរស្រាលឡើងវិញ ដោយស្គាល់ម្តាយ សាច់ញាតិបងប្អូន និងហូបអាហារជាធម្មតាឡើងវិញហើយ បន្ទាប់ពីសមត្ថកិច្ចបានជួយអន្តរាគមន៍ តាមសំណូមពររបស់អ្នកជិតខាង និងម្តាយបង្កើតរបស់ជនរងគ្រោះ ហើយម្តាយរបស់យុវជននេះ បានសំណូមពរសូមទុកកូនរបស់គាត់ នៅព្យាបាលតាមបែបអបិយជំនឿសាសនា នៅវត្តពោធិវង្សកំពង់រាប រយៈពេល២ថ្ងៃទៀត ទើបគាត់បញ្ជូនកូនទៅព្យាបាលនៅមន្ទីរពេទ្យ រាជធានីភ្នំពេញវិញម្ដង។




គួររំឭកផងដែរថា ពិតជាចម្លែកមែន ដោយយុវជនម្នាក់ ខណៈដែលខ្លួនស្រវឹងស្រា ស្រាប់តែចាប់មេមាន់កំពុងក្រាបពង យកឡើងទៅលើផ្ទះ ខ្ទាស់គន្លឹះទ្វាររួចសម្ងំខាំកមាន់បឺតឈាម ដូចបិសាចជញ្ជក់ឈាមក្នុងរឿងកុន រួចហើយបោះសត្វ់មាន់នោះចោល។ មិនត្រឹមតែប៉ុណ្ណឹងទេ យុវជននេះ ថែមទាំងចាប់ស៊ីក កូនឆ្កែ៣ក្បាល ស៊ីសត្វគីង្គក់រស់១ក្បាល និងស៊ីកូនឆ្មាមួយក្បាលថែមទៀតផងដែរ ។
ប្រជាពលរដ្ឋក្នុងភូមិក្បែរកន្លែងកើតហេតុ ជ្រួលច្របល់ ដែលហាក់ងប់នឹងរឿងអបិយជំនឿបន្តិចផងនោះ បាននិយាយថា បុរសដែលបឺតឈាមសត្វមាន់ សត្វឆ្កែ ឆ្មា និងគីង្គក់ខាងលើនេះ ជាមនុស្សដែលមានគ្រូចូលសន្ធិត ឬគ្រូកាន់ ទើបបានបុរសនេះធ្វើរឿងបែបអីចឹងទៅកើត ខណៈអ្នកភូមិខ្លះនិយាយថា គាត់ជាមនុស្សសរសៃប្រសាទនោះទេ ។
ទោះបីយ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញ បានទៅដល់ទីតាំងកើតហេតុ តាមការស្នើសុំពីអ្នកភូមិ និងម្តាយយុវជនខាងលើ ហើយជួយឃាត់ខ្លួន ដើម្បីនាំយកទៅព្យាបាលនៅមន្ទីរពេទ្យក្រុងភ្នំពេញ ក៏ដូចបញ្ចៀសការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅពេលយប់ព្រលប់ផងដែរ។


ករណីចម្លែកខាងលើនេះ បានភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិកោះចិនលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ប្រភពបានឲ្យដឹងថា ករណីចម្លែកក្នុងស្រុកកោះសូទិន ដោយយុវជនម្នាក់ស្រវឹងស្រា ហើយមានសភាពមិនប្រក្រតី ឈ្មោះ រុន រាជ អាយុ២៤ឆ្នាំ បានចុះពីលើផ្ទះមកក្រោម ហើយចាប់មេមាន់ក្រាបពងយកឡើងទៅលើផ្ទះបិទទ្វារដាក់កន្លឹះខាំ ក មាន់បឺតឈាមអស់ ទើបបោះទំលាក់មកដីវិញ និងស៊ីកកូនឆ្កែ៣ក្បាលទៀត គីង្គក់រស់មួយក្បាល កូនឆ្មា រស់មួយក្បាល នៅវេលាម៉ោង៣និង៣០នាទី ឈ្មោះឆេង អេង ភេទស្រី អាយុ៤២ឆ្នាំ(លក់ដូរនៅភ្នំពេញ) ត្រូវជាម្តាយរបស់ឈ្មោះ រុន រាជ បានមកដល់ផ្ទះហៅកូន ដើម្បីយកទៅព្យាបាលនៅភ្នំពេញ តែមានសភាពមិនស្គាល់ម្តាយទេ ហើយដល់ពេលយប់ ប្រជាពលរដ្ឋ មានការខ្លាចគាត់ បានសំណូមពរ ឲ្យសមត្ថកិច្ចឃាត់កូនគាត់ដើម្បីយកទៅព្យាបាល។
សូមបញ្ជាក់ថា បុរសរូបនេះ នៅពេលសមត្ថកិច្ចធ្វើតេស្តិ៍ទឹកនោមរកសារធាតុញៀនក្នុងខ្លួន បង្ហាញថា លទ្ធផលអវិជ្ជមាន។ ដោយអ្នកខ្លះថា គាត់ជាមនុស្សមានគ្រូចូលសន្ធិត ឬ ជាមនុស្សសរសៃប្រសាទ ៕
