អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បាន អំពាវនាវដល់បណ្តាក្រុមហ៊ុនវិនិយោគចិនទាំងអស់ ត្រូវបន្តមកបណ្តាក់ទុន ក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនឡើង ព្រោះកម្ពុជានៅមានសក្តានុពលជាច្រើន ក្នុងការវិនិយោគ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា។យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ។

អញ្ជើញឆ្លើយសំណួរ មួយចំនួនដែលលើកឡើងដោយក្រុមហ៊ុនធំៗចំនួន៦ របស់ចិន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្ដេចតេជោ ក៏បានគូសបញ្ជាក់ទៅកាន់បណ្តាក្រុមហ៊ុនចិន កុំមានការភ័យខ្លាចទៅលើការលុបកុងត្រា ចាស់ណាមួយ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុន តែផ្ទុយទៅវិញរាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ សម្តេចនឹងបន្តការពារនូវរាល់ផលប្រយោជន៍របស់ក្រុមហ៊ុនទាំងអស់ ក្នុងប្រទេសកម្ពុជា។

សម្ដេចមានប្រសាសន៍ថា “អំពាវនាវដល់បណ្តាក្រុមហ៊ុនវិនិយោគចិនទាំងអស់ ត្រូវបន្តមកបណ្តាក់ទុន ក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនឡើង ព្រោះកម្ពុជានៅមានសក្តានុពលជាច្រើន ក្នុងការវិនិយោគ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើនថែមទៀត”។

ជាមួយនឹងការលើកឡើងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ ដល់អ្នកវិនិយោគទុនចិន ពីគម្រោងដែលរាជរដ្ឋាភិបាលកម្ពុជា គ្រោងស្នើដល់រដ្ឋាភិបាលចិន ក្នុងការផ្តល់កម្ចីសម្បទានដល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានការតភ្ជាប់ផ្ទៃក្នុងប្រទេស និងការតភ្ជាប់ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាការតភ្ជាប់ទៅកាន់ប្រទេស ចិន តាមរយៈផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។

ជាមួយនឹងសំណួរដែលលើកឡើងដោយក្រុមហ៊ុនទាំង៦ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់យ៉ាងមុតមាំថារាជរដ្ឋាភិបាលថ្មីនីតិកាលទី៦ ដែលដឹកនាំដោយសម្តេចផ្ទាល់ នឹងបន្តជំរុញលើកទឹកចិត្ត និងផ្តល់នូវការគាំពារខ្ពស់ចំពោះអ្នក វិនិយោគទុនបរទេសទាំងអស់ ក្នុងនោះរាប់ទាំងវិនិយោគទុនចិនដែលមានវត្តមាននៅទីនេះ និង ដែលមានគម្រោងទៅបណ្តាក់វិនិយោគក្នុងប្រទេសកម្ពុជា នៅថ្ងៃអនាគតផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post