
តាកែវៈ រូបសំណាកព្រះនាង លីវ យី ដែលជាស្ដេចស្រីមុនគេបង្អស់ ដែលបានសោយរាជ្យនៅនគរគោកធ្លក ឬប្រទេសកម្ពុជា ត្រូវបានអ្នកភូមិអូពោធ៏ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ប្រទះឃើញលេចរូបរាងឡើង នៅក្នុងព្រៃនៅក្រោយផ្ទះរបស់គាត់ កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ។
លោក ង៉ែត អូន ជាប្រជាពលរដ្ឋនៅភូមិខាងលើ ដែលបានប្រទះឃើញរូបសំណាក់នេះ បានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃសុក្រកន្លងទៅ លោកបានត្រាយព្រៃក្រោយផ្ទះ ដែលជាដីអតីតទួលអង្គសម័យមុនដើម្បីដាំដំណាំ ស្រាប់តែប្រទះឃើញរូបសំណាក់ថ្មមួយកប់នៅក្នុងដី លោកក៏បានគាស់យកមកប្រគល់ឲ្យនគបាលប៉ុស្តិ៍សំបួរថែរក្សាទុក។


លោក ង៉ែត អូន បានបន្តទៀតថា ក្រោយពីមានការដឹងពីអ្នកភូមិថា រូបសំណាកនេះ គឺជារូបសំណាក់របស់ព្រះនាង លីវ យី ដែលជាស្ដេចស្រីដំបូងគេ ដែលបានសោយរាជ្យនៅនគគោកធ្លក ដែលជានគរដែលកកើតមុនគេ បងប្អូនប្រជាពលរដ្ឋក៏បាននាំគ្នាសើ្នសុំអាជ្ញាធយករូបសំណាកនេះ មកធ្វើបុណ្យនៅកន្លែងដែលគាស់កកាយឃើញ ដើម្បីសុំសេចក្ដីសុខ និងភាពសម្បូសប្បាយដល់អ្នកភូមិ។


លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានថ្លែងឲ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋប្រទះឃើញរូបសំណាកនេះ និងបានយកមកទុកនៅនគបាលប៉ុស្តិ៍ នៅថ្ងៃនេះបងប្អូនប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធយករូបសំណាកនេះ មកធ្វើពីបុណ្យតាមប្រពៃណីយសាសនា ដើម្បីបន់ស្រន់សុំសេចក្ដីសុខ ហើយនៅថ្ងៃស្អែកខាងមន្ទីរវប្បធម៌ និងមកទទួលយករូបសំណាកនេះ ទៅតម្កល់ទុកនៅសារៈមន្ទីរខេត្តតាកែវ។
លោកស្រី ព្រំ សុគន្ធារី ប្រធានមន្ទីរវប្បធម៌ និងវិចឹត្រសិល្បៈ ខេត្តតាកែវ បានថ្លែងថា រូបសំណាកនេះ មិនមែនជារូបសំណាកព្រះនាង លីវ យី នោះទេ ពោលរូបសំណាក់នេះ គឺជារូបសំណាកព្រះវិស្នុរ ហើយនៅថ្ងៃស្អែកមន្រ្តីមន្ទីរវប្បធម៌ នឹងទៅយករូបសំណាក់នេះមកថែរក្សាទុកនៅសារៈមន្ទីររបស់ខេត្ត ដោយឡែក ខាងមន្ទីរក៏មានថវិកាមួយចំនួន ដើម្បីលើកទឹកចិត្តសម្រាប់ផ្ដល់ជូនបងប្អូនដែលជីកកាយឃើញផងដែរ ដើម្បីជាកាលើកទឹកចិត្តដល់គាត់ដែលរកឃើញ៕