អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទោះបីជាតុលាការដោះលែង លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឲ្យមានសេរីភាពបណ្តោះ​អាសន្នយ៉ាងណាក្តី លោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស បានអះអាងថា មិនទាន់គ្រប់គ្រាន់នោះទេ។

យ៉ាងណាងក្តី លោក សម រង្ស៊ី អតីតប្រធានអតីត​គណបក្សសង្គ្រោះជាតិ ក៏បានអបអរសាទរចំពោះលោក កឹម សុខា ដែលត្រូវបានតុលាការដោះលេងឲ្យមានសេរីភាពបណ្តោះ អាសន្នវិញ។

លោក សម រង្ស៊ី បានលើកឡើងតាមវីឌីអូ ដែលបានបង្ហោះនៅតាមបណ្តាញសង្គម នៅព្រឹក ថ្ងៃទី១០ កញ្ញានេះថា «អបអរសាទរលោក កឹម សុខា ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ហើយ។ អាលូវគេដោះលែង កឹម សុខា វិញហើយ ប៉ុន្តែការដោះលែងនេះ មិនគ្រប់គ្រាន់ទេ»

លោក សម រង្ស៊ី លើកឡើងថា ការដោះលែងលោក កឹម សុខា គ្រាន់តែមួយជំហានប៉ុណ្ណោះ   គឺត្រូវតែទាមទារឲ្យគណបក្សសង្គ្រោះជាតិ​កើតឡើងវិញ។ លោកបញ្ជាក់ថា «យើងត្រូវ ទាមទារឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំង១១៨នាក់ មានសិទ្ធិធ្វើនយោបាយឡើងវិញ។ យើងត្រូវទាមទារសមាជិកក្រុមប្រឹក្សាទាំង៥០០៧រូបទទួលតំ​ណែងឡើងវិញហើយ យើងត្រូវទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដោយមានអន្តរជាតិទទួលស្គាល់ផងដែរ»

សូមជម្រាបថា ការលើកឡើងរបស់អតីមេបក្សប្រឆាំងនេះ បន្ទាប់ពីតុលាការាជធានីភ្នំពេញដោះលែងលោក កឹម សុខា បណ្តោះអាសន្នកាលពីម៉ោងប្រមាណ៣ភ្លឺថ្ងៃទី១០ កញ្ញា ឆ្នាំ២០ ១៨ បន្ទាប់ពីលោកបានជាប់ពន្ធនាគារនៅពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលជាង១ឆ្នាំ ក្រោម បទល្មើសសន្ទិដ្ឋិភាពជាមួយបរទេស កាលពីពេលកន្លងមក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor