នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ បានដាក់ពាក្យប្តឹងលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទរិហាកេរ្តិ៍ជាសាធារណៈ។
ពាក្យបណ្តឹងរបស់ប្រធានគណបក្សអំណាចខ្មែរធ្វើឡើងក្រោយពី លោក សួន សេរីរដ្ឋា បានចោទលោក សួង សុភ័ណ្ឌ ជាអ្នកក្លែងបន្លំលិខិតលាលែងពីប្រធានគណបក្សរបស់ខ្លួន (សួន សេរីរដ្ឋា)។ លោក សួន សេរីរដ្ឋា បានចោទលោក សួង សោភ័ណ្ឌ ប្រធានស្តីទីគណបក្សអំណាចខ្មែរថា បានធ្វើលិខិតក្លែងក្លាយ និងបង្ខំសមាជិកគណបក្សឱ្យចុះហត្ថលេខាព្រមទទួលស្គាល់លើលិខិតនេះ ដើម្បីគ្រប់គ្រងគណបក្សអំណាចខ្មែរទាំងមូលតែម្តងឯង។
សូមរំលឹកថាកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានធ្វើសន្និសីទសារព័ត៌មានមួយ លោកបញ្ជាក់ថា លោកនឹងដាក់លិខិតទៅក្រសួងមហាផ្ទៃ ឱ្យបើកការស៊ើបអង្កេត និងពិនិត្យលើលិខិតលាលែងពីខ្លួន ដែលលោក សួង សុភ័ណ្ឌ បានដាក់ជូនក្រសួងមហាផ្ទៃ នៅពេលលោក សួន សេរីរដ្ឋា កំពុងជាប់ឃុំក្នុងពន្ធនាគារ។
ក្នុងសន្និសីទសារព័ត៌មាន លោក សួន សេរីរដ្ឋា ដែលទើបតែចេញពីពន្ធនាគារថ្មីៗនេះ បានអះអាងថា បន្ទាប់ពីលោក សួង សោភ័ណ្ឌ ដឹកនាំគណបក្សអំណាចខ្មែរ រយៈពេលជិត១ឆ្នាំមកនេះ មិនដែលធ្វើសកម្មភាពអ្វីដើម្បីឱ្យគណបក្សមានការរីកចម្រើន ជាពិសេសលោក សួង សោភ័ណ្ឌ គឺដេកឱបគណបក្សដែលផ្ទុយស្រឡះក្រោមការដឹកនាំរបស់លោកកាលពីមុន។ ជាងនេះទៅទៀត សូម្បីតែស្លាកគណបក្សមួយផ្ទាំង ក៏ប្រធានស្តីទីគណបក្សរូបនេះ មិនបានលើកផងដែរ។
លោ សួន សេរីរដ្ឋា បានថ្លែងទៀតថា៖ ទាក់ទងទៅនឹងលិខិតក្លែងក្លាយមួយសន្លឹកទៀត លិខិតក្លែងក្លាយមួយសន្លឹកទៀត គឺសួង សោភ័ណ្ឌ គាត់បានបង្ខំឱ្យសមាជិកដែលធ្វើការ នៅក្នុងគណបក្សអំណាចខ្មែរ រៀបចំធ្វើលិខិតក្លែងក្លាយមួយដើម្បីបញ្ជាក់ថាខ្ញុំលាលែងតំឡែងពីប្រធានបក្ស ហើយបានឱ្យ ថតចម្លង (Copy) កាត់តហត្ថលេខារបស់ខ្ញុំដាក់លើលិខិតក្លែងក្លាយ នេះផ្សាយតាមប្រព័ន្ធសង្គមជាសាធារណៈ។