អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ការរំលោភយកដីរដ្ឋនាពេលបច្ចុប្បន្នមានពីរប្រភេទ ទី១. ដោយសារពលរដ្ឋខ្លះមិនបានដឹងថា ខ្លួនកំពុងសាងសង់លើដីសាធារណៈរបស់រដ្ឋ អ្នកខ្លះទៀតដឹងហើយតែនៅតែធ្វើទាំងបំពាន កត្តាទាំងនេះបានធ្វើឲ្យ រដ្ឋបាលស្រុកទឹកឈូមានការលំបាកជាខ្លាំង ប៉ុន្តែចាប់ពីថ្ងៃនេះទៅ ដោយផ្អែកលើអនុសាសន៍ណែនាំ របស់លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ក៏ដូចជាការណែនាំរបស់លោកអភិបាលស្រុកទឹកឈូ និងក្នុងនាមលោកជាប្រធានក្រុមការងារទាក់ទង់ នឹងរឿងទាំងអស់នេះ លោកប្តេជ្ញាថា ចាប់ពីពេលនេះទៅ មិនឲ្យមានការរំលោភទីតាំងថ្មី ជាពិសេសលើដីសាធារណៈរបស់រដ្ឋទៀតទេ។

នេះបើតាមការលើកឡើងរបស់អភិបាលរងស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសុធន ក្នុងកិច្ចសម្ភាសន៍មួយ នៅពេលចុះអនុវត្ត លិខិតបង្គាប់ការ លេខ១៤៨/១៨អទណ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ និងសេចក្តីជូនដំណឹងលេខ ០៦០/ ១៨សជណ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ដែលក្នុងនោះរដ្ឋបាស្រុកទឹកឈូ បានចេញលិខិតបង្គាប់ការទៅលោកស្រី នៅ ស៊ីណៃដែលជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ក្នុងការរុះរើរបង ដែលស្ថិតនៅចំណីផ្លូវ និងចំណីប្រឡាយនៅថ្ងៃទី១៣ ខែកញ្ញានេះ។

លោកអភិបាលរងស្រុក បានបន្តថា ដីសាធារណៈរបស់រដ្ឋ មិនអាចឲ្យបុគ្គលណា ឬជនណាម្នាក់រំលោភយកធ្វើជាកម្មសិទ្ធិឯកជនបានឡើយ។ ការរំលោភយកដីសាធារណៈរបស់រដ្ឋក្នុងភូមិសាស្ត្រស្រុកទឹកឈូមានច្រើនកន្លែងដែរ នាពេលកន្លងមក ព្រោះស្រុកមាន១៦ឃុំ ហើយដោយសារអំណោយផលពីធម្មជាតិ ស្រុកនេះ មានចំណីព្រែក ចំណីប្រឡាយជាច្រើន ហើយពលរដ្ឋខ្លះទៅសង់ផ្ទះលើដីចំណីទាំងអស់ហ្នឹង ពលរដ្ឋមួយចំនួនមិនយល់អំពីបញ្ហានេះឡើយ  ប៉ុន្តែរដ្ឋបាលស្រុកប្តេជ្ញាខិតខំធ្វើឲ្យអស់លទ្ធភាព មិនឲ្យមានការរំលោភថ្មីណាមួយកើតឡើងទៀតទេ ។

លោកស្រី ទូច មុំ បានប្រាប់ឲ្យដឹងដែរថា បុគ្គលដែលអះអាងថា ជាម្ចាស់ដី និងបានធ្វើរបងខាងលើ មានគំនិតលោភលន់ ចង់តែរំលោភបំពាន់យករបស់គេ ជាក់ស្តែងផ្លូវចូលផ្ទះរបស់លោកស្រី ស្ពានចាស់ទ្រុឌទ្រោមលោកស្រីសុំចាក់ដី តែចាក់មិនបានដោយសារបុគ្គលនោះជំទាស់ ប៉ុន្តែបើក្រុមគ្រួសាររបស់ខ្លួនវិញ ចាក់ដីនៅមុខផ្ទះបានទាំងអស់។

លោកស្រីបានបន្តថា កូនចៅរបស់លោកស្រីរាល់ថ្ងៃមានការលំបាកក្នុងការធ្វើដំណើរឡើងទៅថ្នល់ខ្លាំងណាស់ ដោយសារស្ពានឆ្លងប្រឡាយចាស់ នៅខាងមុខផ្ទះលោកស្រីទាំងសងខាងបុគ្គលនោះបានសង់តូប តាមអំពើចិត្ត គ្មាននរណាឃាត់បានឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor