
ភ្នំពេញៈ ពិតជាសាហាវមែន! ក្មេងស្រីអាយុ៣ឆ្នាំជាង ត្រូវឪពុកបង្កើតប្រើហិង្សា រហូតមានឈាមកកខ្មៅ ក្នុងភ្នែក និងជ្រាំក្រោមភ្នែក នៅបន្ទប់ជួល លេខA8 ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវបានអ្នកជិតខាងដែលឃើញក្មេងរងរបួសភ្នែកខ្លាំងពេក ទើបរាយការណ៍ប្រាប់វិទ្យុ ABC នូវទង្វើដ៏កាចសាហាវនេះ ដែលបានកើតឡើងច្រើនដងមកហើយនោះ ។
នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារវិទ្យុABC សហការគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅអន្តរាគមន៍ ជួយរំដោះក្មេងស្រី ចេញពីផ្ទះជួលកើតហេតុ និងនាំទៅស្នាក់នៅវិទ្យុ ABC បណ្ដោះអាសន្នសិន ចំណែកឯបុរសជាឪពុក ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះមកឃាត់ខ្លួនយកទៅបញ្ជការដ្ឋានអាវុធហត្ថរាជធានី ដើម្បីសាកសួរ ។


ក្មេងស្រីរងគ្រោះឈ្មោះ ចាន់ ណា អាយុ៣ឆ្នាំ និងមានបងប្រុសបង្កើតម្នាក់ទៀត អាយុ៨ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលកើតហេតុខាងលើជាមួយគ្នា ចំណែកឪពុកចិត្តសាហាវខាងលើឈ្មោះ អ៊ុក ផាន់ណា អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលកើតហេតុ និងមានស្រុកកំណើតនៅឯខេត្តកំពង់ស្ពឺ ។
តាមការរៀបរាប់របស់ក្មេងប្រុសដែលជាបងបង្កើតក្មេងស្រីរងគ្រោះទាំងអួលដើមក ចំពោះមុខសមត្ថកិច្ច និងក្រុមការងារវិទ្យុ ABC ថា កន្លងមក រូបគេក៏ធ្លាប់ត្រូវបានឪពុកវាយដែរ លុះនៅយប់កើតហេតុ មូលហេតុដែលគាត់វាយនោះ គឺដោយសារតែ នៅមុនពេលកើតហេតុ ប៉ាមកពីធ្វើការវិញ ហើយផឹកស្រាស្រវឹង លុះវេលាយប់បន្តិច មិនដឹងថា ប្អូនស្រីឈឺអីទេ ស្រាប់តែក្អកខ្លាំងៗ និងធ្វើទុក្ខបម្រុងក្អួតចង្អោរទៀត ទើបធ្វើឲ្យប៉ា ដេកមិនបាន ហើយភ្ញាក់មកវាយយក៍ៗម៉ង ដោយភ័យខ្លាច ប៉ាផង ប្អូនស្រីរបស់ខ្លួនក៏សង្ងំយំរហូតគេងលក់បាត់តែម្តង ។



លុះស្អែកឡើង ទើបបានប្រជាពលរដ្ឋជិតខាងឃើញមានស្នាមជាំភ្នែកទាំងសងខាងបែបនេះ ទើបនាំគ្នាសួរនាំហើយក្មេងស្រីរងគ្រោះឆ្លើយថា ប៉ាវាយ ហើយបានថតរូបទុក ហើយក្មេងស្រីរងគ្រោះ ក៏ចេញទៅរត់លេងក្បែរៗនោះ ជាមួយក្មេងដទៃទៀត ទើបពួកគាត់ដែលជាអ្នកជិតខាង បានរាយការណ៍ប្រាប់វិទ្យុ ABC អំពីទង្វើដ៏កាចសាហាវនេះ បានកើតឡើងច្រើនដងមកហើយ ។
ក្រោយពីទទួលបានព័ត៌មានហើយ ក្រុមការងារវិទ្យុ ABC បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីស៊ើបសួររកផ្ទះកើតហេតុសិន លុះស្អែកឡើង បានដឹងដំណឹងថា បុរសជាឪពុកមកផ្ទះវិញ ក៏ចុះទៅបន្ទប់ជួលកើតហេតុនោះ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសជាឪពុក រួចនាំយកទៅសាកសួរនៅបញ្ជាការអាវុធហត្ថរាជធានី ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានរំដោះចេញមក រួមទាំងក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ទៀត ដែលជាបងបង្កើតរបស់ក្មេងស្រីរងគ្រោះនោះ រួចនាំឡើងរថយន្តអន្តរាគមន៍វិទ្យុ ABC ដែលជាអំណោយសម្ដេច ធ្វើដំណើរទៅវិទ្យុ ABC ដើម្បីឲ្យក្មេងទាំង២នេះគេងមួយយប់សិន ។
បច្ចុប្បន្នបុរសជាឪពុកកំពុងត្រូវនាំយកទៅសាកសួរបំភ្លឺ នៅអាវុធហត្ថរាជធានីភ្នំពេញ ដោយមិនទាន់ទទួលបាន កំណត់ហេតុដែលបុរសជាឪពុកនោះឆ្លើយបំភ្លឺយ៉ាងណានោះទេ ខណៈដែលផ្នែកជំនាញអាវុធហត្ថ កំពុងបន្តសាកសួរនៅឡើយ ៕

