ភ្នំពេញៈ មុខសញ្ញាចោរធ្វើសកម្មលួច ប្លន់ ដ៏សកម្មនៅរាជធានីភ្នំពេញ ដោយយោងតាមចម្លើយសារភាពរបស់គេ(ចោរ) គឺធ្លាប់ធ្វើ សកម្មភាពលួចប្លន់ម៉ូតូបានជាង៣៥០ដង ស្មើនឹងជាង៣៥០គ្រឿងម៉ូតូ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវបង្ក្រាបបាន បន្ទាប់ពីពួកគេ ធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
មុខសញ្ញាលួច ប្លន់ដ៏សកម្មនៅក្នុងរាជធានីភ្នំពេញនេះ មានឈ្មោះ កែវ សារិន ភេទប្រុស អាយុ២៨ឆ្នាំ រួមទាំងបក្ខពួកជិត ១០នាក់ទៀតដែលកំពុងរត់គេចខ្លួន ។
តាមការអះអាងរបស់លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាបមុខសញ្ញា លួច ប្លន់ខាងលើនេះ បានឲ្យដឹងថា មុខសញ្ញាខាងលើ បើតាមចម្លើយសារភាពរបស់គេ គឺធ្លាប់ធ្វើសកម្មភាពលួច និងប្លន់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មិនតិចជាង៣៥០ដងនោះឡើយ ហើយក៏លួច និងប្លន់បាន ម៉ូតូជាង៣៥០គ្រឿងដែរ ។
ក្នុងនោះ សកម្មភាពរបស់ពួកគេ មាន៣រូបភាព គឺបើមើលទៅឃើញឱកាសស្ងាត់ល្អ គឺពួកគេលួចកាច់សោកម៉ូតូ ហើយពេលខ្លះ ប្រើរូបភាពធ្វើជាជិះម៉ូតូពពាក់ពពូនគ្នា បង្កជាជម្លោះ ជាមួយជនរងគ្រោះ ដែលត្រូវប្លន់ ដេញវាយគ្នា ដើម្បីបំភ័ន្តភ្នែកអ្នកជិតខាង រួចហើយឆ្លៀតឱកាសជនរងគ្រោះភ័យរត់ចេញពីម៉ូតូ ពួកគេក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនតែម្ដង និង រូបភាពទី៣ គឺធ្វើសកម្មភាពភ្ជង់ប្លន់តែម្ដង ដោយប្រើប្រាស់កាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម ។
លោកឧត្តមសេនីយ៍ ប៉ុល រតនា បានឲ្យដឹងបន្ថែមថា ជាក់ស្ដែង កាលពីវេលាម៉ោង២ និង៤៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ពួកគេ(ក្រុមចោរ)បានធ្វើសម្មភាពភ្ជង់ប្លន់យកម៉ូតូម៉ាក ស៊ុយហ្សុយគីនិក ១គ្រឿង ពីជនរងគ្រោះឈ្មោះ ស៊្រុន សុខផល្គុន ខណៈជិះចេញពីកន្លែងធ្វើការ នៅតាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានសម្រេច ។ ក្រោយប្លន់យកម៉ូតូ នៅថ្ងៃទី៣១ ខែសីហា ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ច ទើបកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយរូបលោក(ប៉ុល រតនា)ផ្ទាល់ បើកការស្រាវជ្រាវរហូតដល់ម៉ោង៨យប់ ក៏ឃាត់បានមុខសញ្ញាខាងលើតែម្ដង ។
ចំណែកបក្ខពួករបស់គេមួយចំនួនទៀត បានរត់ គេចខ្លួនអស់ ដែលបច្ចុប្បន្នកំពុងតាមចាប់បន្ត។ តាមចម្លើយសារភាពរបស់ជនល្មើសបានឲ្យថា កន្លងមក រូបគេធ្លាប់ធ្វើសកម្មភាពប្លន់ នៅហាងសាំងតេលា នៅគោកឃ្លាង ប្លន់យកម៉ូតូនៅក្រោមស្ពានអាកាសផ្សារដីហុយ និងប្លន់ លួចម៉ូតូ មិនតិចជាង៣៥០ដងនោះឡើយ ដោយសកម្មភាពរបស់ពួកគែមិនដែលបរាជ័យនោះទេ ៕