កណ្ដាល៖ នៅថ្ងៃទី ០៩ ខែ កញ្ញានេះ ស្ត្រីឈ្មោះ កែវ រតនៈ ហៅ ហ្គិច ដែលធ្លាប់មានរឿងអាស្រូវជាច្រើន និង កំពុងជាប់ពន្ធនាគារ , ឥឡូវនេះមានការភ្ញាក់ផ្អើលជាថ្មី ទាក់ទងនឹងការបង្កហិង្សា នៅពន្ធនាគារខេត្តកណ្ដាលនេះផ្ទាល់តែម្ដង។
បើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយចេញពីពន្ធនាគារខេត្តកណ្ដាល បង្ហើបប្រាប់សារព័ត៌មានថា នៅថ្ងៃទី៩ ខែកញ្ញា នេះ ថា នាងហ្គិច ដែលកំពុងជាប់ពន្ធធនាគារ ពីបទ ប្រើប្រាស់ឯកសារសាធារណៈក្លែង គំរាមកំហែងថា នឹងសម្លាប់ ធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ដោយដុតរោងចក្រ នោះ បានវៃតប់គ្នាជាមួយអ្នកទោសដូចគ្នា ។
ក្រោយពីមានការបង្កហិង្សាខាងលើមក អនុប្រធានពន្ធនាគារទទួលផែនសន្តិសុខ ឈ្មោះ ហឿន វណ្ណារិទ្ធ បានចូលទៅឃាត់ ដើម្បីកុំឱ្យមានការវៃតប់គ្នា ប៉ុន្តែក្រោយមកបែរជាត្រូវបាន នាងហ្គិច បានចោទប្រកាន់ ឈ្មោះ ណារិទ្ធ ថា បានប្រើហិង្សាលើនាងទៅវិញ ហើយនាងក៍បានប្តឹងទៅតុលាការរាជធានីភ្នំពេញ ទៀតផង ។
ទោះបីយ៉ាងណា នៅដដែលនេះ សារព័ត៌មាននៅពុំទាន់អាចទំនាក់ទំនង លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្ដាល បានទេ ដោយសារទូរស័ព្ទមិនអាចទំនាក់ទំនងបាន ។
សូមជម្រាបជូនថា លោក អីុ សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនស្ត្រីម្នាក់ ឈ្មោះ កែវ រតនៈ ហៅហ្កេច ដែលធ្លាប់មានរឿងអាស្រូវជាច្រើន និងធ្លាប់ជាប់ ពន្ធនាគារផងនោះ ដាក់ពន្ធនាគារបណ្តោះអាសន្នបីបទល្មើស” ប្រើប្រាស់ឯកសារសាធារណៈក្លែង គំរាមកំហែងថា នឹងសម្លាប់ ធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារការប្រើប្រាស់វិធីគ្រោះថ្នាក់ដល់បុគ្គល ប្រព្រឹត្តនៅចំណុចរោងចក្រផលិតគ្រឿងសង្ហារឹម និងក្តាកុងផ្លាកេប្រាយវ៉េ ហ្វើនីឈ័រ ភូមិទឹកជា ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ តាមមាត្រា៧៨ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមាត្រា៦៣០, ២៣៣, ៤១៣ នៃ ក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទមានឈ្មោះ កែវ រតនៈ ហៅហ្គេច ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺសមត្ថកិច្ចទទួលព័ត៌មានថា មានករណីអគ្គិភ័យឆាបឆេះបានកើតឡើង ទើបសមត្ថកិច្ច និងប្រជាពលរដ្ឋបានជួយពន្លត់ដោយប្រើរថយន្តពន្លត់អគ្គិភ័យ របស់ទ័ពឆត្រយោង៩១១ អស់ពីរគ្រឿង ប្រើប្រាស់ឡានទឹកអស់៦គ្រឿង ទើបរលត់ជាស្ថាពរ ។
តាមសាក្សីបំភ្លឺឈ្មោះ ឃឿន ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករ បានឃើញរថយន្តមួយគ្រឿង មានគ្នា៤ទៅ៥នាក់ ចូលទៅដុតឈើ ហើយបានគំរាមមិនឲ្យចូលពន្លត់ភ្លើងកំពុងឆេះនោះទេ ដោយប្រពន្ធម្ចាស់រោងចក្រ ឈ្មោះ កែវ រតនៈ ហៅហ្គិច បើកបររថយន្តម៉ាកឡិចស៊ីស ៥៧០ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ខម-៦៧៦២ បន្ទាប់ពីបង្កហេតុរួច នាងហ្គិច បើកឡានរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់បានមកវិញ ។
នេះពុំមែនជាលើកទី១ទេ ដែលស្ត្រីឈ្មោះ កែវ រតនៈ ហៅ ហ្គិច បានបង្កការអុកឡុកធ្វើឲ្យភ្ញាក់ផ្អើលដល់សង្គមនោះ។ កាលពីដប់ឆ្នាំមុនស្ត្រីរូបនេះ ធ្លាប់បានដកកាំភ្លើងបាញ់គំរាមពលរដ្ឋ នៅជិតវត្តសន្សំកុសល ហើយត្រូវបានតុលាការផ្តន្ទាទោស ពីបទបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់។ ក្រោយមកចុងឆ្នាំ២០១៦កន្លងទៅស្ត្រីរូបនេះ បានបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់យុវជនពីររូប ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារផងដែរ៕