រិទ្ធី

អ្នកតំណាង​រាស្ត្រ​ ៣​ រូប​ ព្រមទាំង​ ឯកឧត្ដម​ ឯកអគ្គរដ្ឋទូត​ ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និងគណៈ​ប្រតិភូ​សភា​ជប៉ុន​ ដឹកនាំ​ដោយ​ ឯកឧត្ដម​ Jiro Kawasaki សមាជិកសភា​​ និងជាអតីត​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ការងារ​ និង​សុខមាលភាព បានជួបពិភាក្សាការងារ​ជាមួយឯកឧត្ដម​បណ្ឌិត​អ៊ិត ​សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ នៅថ្ងៃ​ទី​២៧ ​ខែ​កញ្ញា​ ឆ្នាំ​២០១៨។

ភាគី​ទាំងពីរ​ បាន​ពិភាក្សា​ កិច្ច​សហប្រតិបត្តិការលើ​វិស័យ​ វិនិយោគ​ និង​ការងារ​ រវាង​ប្រទេស​ទាំង​ពីរ​ ដែល​កំពុង​មាន​ភាព​ល្អ​ប្រសើរ​។ ជប៉ុន​បាន​វិនិយោគ​ លើ​វិស័យ​ជា​ច្រើន​នៅ​កម្ពុជា​ ជា​ទីផ្សារ​ នាំ​ចេញ​ ផលិតផល​ឧស្សាហកម្ម​ ធំ​ មួយ​ និង​ ជា​គោលដៅ​ការងាររបស់​ពលរដ្ឋ​កម្ពុជា។

សភាជប៉ុនបានឯកភាពជួយកម្ពុជា ក្នុងការអនុវត្តគម្រោងលើកទី២ តាម​រយៈ​គម្រោង​ ILO ស្តីពីការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារ ក្នុងវិស័យសំណង់ ឆ្នាំ២០១៨-២០២០។

ឯកឧត្ដម​ អ៊ិត សំហេង បានបញ្ជាក់ថាអ្នកវិនិយោគជប៉ុន ដែលបានមកបណ្តាក់ទុននៅកម្ពុជា បានអនុវត្តតាមច្បាប់ និងមានលក្ខខណ្ឌការងារល្អ។

សភាជប៉ុនពន្យល់ថា សម្រាប់ទិសដៅសំខាន់ៗ នៃគម្រោងលើកទី២ គឺប្រើប្រាស់យន្តការក្រុមការងារ ពិគ្រោះយោបល់គម្រោង និងយន្តការដទៃទៀត។ រៀបចំក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្ត បន្ថែមទាក់ទងនឹងសុខភាព និងសុវត្ថិភាពការងារ ជាពិសេសវិស័យសំណង់។ ពង្រឹងការចុះធ្វើអធិការកិច្ចការងារ ដើម្បីកែលម្អលក្ខខណ្ឌ ការងារនៅតាមការដ្ឋានសំណង់។ លើកកម្ពស់ការយល់ដឹង របស់កម្មករនិយោជិត និងនិយោជកតាមរយៈការរៀបចំ វគ្គបណ្ដុះបណ្ដាល។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម​បណ្ឌិត ​អ៊ិត ​សំហេង​ ស្នើ​ភាគី​ជប៉ុន​ ពិចារណា​ផ្ដល់​ឱកាស​ ការងារ​ពេញ​លេញ​ជូន​ពលករ​ ដោយ​ប្ដូរពី​ប្រព័ន្ធ​ បណ្ដុះបណ្ដាល​ ទៅ​ជា​ប្រព័ន្ធ​អនុញ្ញាត​ធ្វើ​ការ​ងារ​តែ​ម្ដង​។ ភាគី​ ជប៉ុន​ នឹងពិចារណា​ រៀបចំ​ច្បាប់​ថ្មី​លើ​វិស័យ​នេះ​។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor