header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន បានផ្សាយរឿងបែកធ្លាយរបស់លោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស៊ីដាច់លុយមន្ត្រីការពារការបោះឆ្នោត និងអង្កររបស់តំណាងរាស្ត្ររួចមកនោះ មន្ត្រីអាវុធហត្ថខេត្តម្នាក់ បានលួចបង្ហើបឲ្យដឹងថា ក្រុមអធិការកិច្ចបានកំណត់ថ្ងៃចុះមកធ្វើការរួចហើយ។ បើតាមការបញ្ជាក់ពីប្រភព គណៈកម្មការចំពោះកិច្ច ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ ស សំបូរធន នឹងចុះមកធ្វើការអធិការកិច្ច នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ស្អែកនេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតែម្តង។

ប្រភពពីមន្ត្រីដដែលនេះ បន្តថា ការចុះអធិការកិច្ចនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនេះ ក្រោយពីបែកធ្លាយនូវព័ត៌មានពីភាពមិនប្រក្រតីមួយចំនួន ដែលធ្វើការចោទប្រកាន់ទៅលើឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ថាបានស៊ីដាច់លុយការពាររបស់មន្ត្រីក្រោមឱវាទ និងអង្កររបស់តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នាពេលកន្លងទៅ។

ប្រភពបន្ថែមថា ដោយសារការបែកធ្លាយនេះ បានធ្វើឲ្យជ្រាបដល់ថ្នាក់លើ ដើម្បីស្រាវជ្រាវស្វែងរកការពិតជាក់ស្តែង។ យ៉ាងណា គេមិនច្បាស់ថា លោកមេបញ្ជាការខេត្តរូបនេះ បានប្រព្រឹត្តដូចការចោទប្រកាន់ដែរឬយ៉ាងណានោះទេ ខណៈមន្ត្រីខ្លះបានទទួលលុយ និងខ្លះទៀត មិនបានទទួលលុយនោះ។ ប្រភពថា ក្នុងនាមជាមន្ត្រីក្រោមឱវាទ ខ្លួនពិតជាសោកស្តាយណាស់ ប្រសិនបើគណៈកម្មការចំពោះកិច្ច រកឃើញថា មេរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយមែននោះ ប៉ុន្តែបើសិនជាក្រុមអធិការកិច្ចរកមិនឃើញកំហុសនោះទេ ក៏សូមឲ្យជួយផ្តល់យុត្តិធម៌ដល់លោកមេបញ្ជាការផង។

សូមរំឭកថា ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរងការចោទប្រកាន់ពីសំណាក់មន្ត្រីក្រោមឱវាទជាច្រើននាក់ថា បានស៊ីដាច់លុយការពារក្នុងការបោះឆ្នោតថ្នាក់ជាតិកន្លងទៅរាប់លានរៀល និងអង្កររបស់តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ គឺលោក ហ៊ុន ម៉ានី ដែលផ្តល់ជូនកាលពីពេលថ្មីៗនេះ សម្រាប់បើកឲ្យមន្ត្រីទាំងអស់នោះថែមទៀត។

មន្ត្រីអាវុធហត្ថមួយរូប និយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ចាប់តាំងពីលោក ជូ សារុន ចូលមកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មានភាពមិនប្រក្រតីជាច្រើនបានកើតឡើង ដូចជាការប្រកាន់បក្ខពួក(យកតែសាច់ញាតិបងប្អូន) និងបង្កើតឲ្យមានអ្នកដើរប្រមូលលុយពីបទល្មើសព្រៃឈើ និងសេដ្ឋកិច្ចជាច្រើននៅក្នុងខេត្ត។ ជាងនេះទៅទៀត កន្លែងណាអាចរកលុយបានដោយស្រួល លោក ជូ សារុន តែងតែដាក់សាច់ញាតិឯងឲ្យទៅកាន់កន្លែងនោះភ្លាមៗ ដោយមិនបានពិភាក្សាជាមួយលោកមេបញ្ជាការរងណាម្នាក់នោះទេ។ ទង្វើនេះ ត្រូវបានគេមើលឃើញថា លោកអាងខ្លួនជាមេបញ្ជាការ មានសិទ្ធិអំណាច។

ជាក់ស្តែង នៅពេលមកកាន់តំណែងភ្លាម លោក ជូ សារុន បានដាក់សាច់ញាតិម្នាក់ ដែលមកពីខេត្តកោះកុង ជាមួយគ្នាឲ្យទៅកាន់ជាមេបញ្ជាការរងក្រុងច្បារមនផងដែរ។ បន្ថែមពីលើនេះ លោកក៏បានបញ្ជូនប្អូនប្រុសម្នាក់ទៀត ឲ្យទៅដាក់កុងត្រូលដេកចាំយកលុយពីបទល្មើសផ្សេងៗ នៅចំណុចភ្នំតូច ព្រំប្រទល់ស្រុកឱរ៉ាល់ និងស្រុកថ្ពង តាមបណ្តោយផ្លូវជាតិលេខ៤៤ ដើម្បីប្រមូលលុយពីឈ្មួញដឹកបទល្មើសព្រៃឈើ។ នៅផ្លូវជាតិលេខ៥ ស្នាក់ការសន្តិសុខ៥៥១ ឯណោះវិញ លោក ជូ សារុន បានដាក់លោកវរសេនីយ៍ទោ គង់ វាសនា ដែលមានរហ័ស្សនាមថា មហាមេឃ កំពុងធ្វើព្យុះធ្វើភ្លៀងសម្បើមខ្លាំងណាស់ ដូចជាដេញចាប់ឡានដឹកបទល្មើសនានា ដែលបើកឆ្លងកាត់ស្នាក់ការសន្តិសុខ ដោយគាបសង្កត់យកលុយមិនប្រណីដៃឡើយ ហើយឲ្យតែមិនព្រមបង់លុយឲ្យលោក គង់ វាសនា នោះ។

ដោយឡែក បើតាមប្រភពច្បាស់ការមួយទៀត ប្រាប់ឲ្យដឹងដែរថា ថ្មីៗនេះ ឧត្តមសេនីយ៍ត្រី ជូ សារុន បានស៊ីដាច់អង្ករឧបត្ថម្ភរបស់លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដែលបានផ្តល់ជូនមន្ត្រីកងកម្លាំងអាវុធហត្ថ ហើយកាន់តែពិសេស គឺស៊ីដាច់លុយការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ចំនួនរាប់លានរៀលតែម្តង។ ប្រភពថា រឿងស៊ីដាច់លុយការពារបោះឆ្នោតនេះ បើជាសាច់ញាតិ និងជាសែស្រឡាយជិតស្និតរបស់លោក ជូ សារុន គឺគេបានទទួលគ្រប់ចំនួន ប៉ុន្តែបើមិនមែនជាខ្សែរបស់លោកទេ មន្ត្រីខ្លះមិនបានទទួលឡើយ គឺស៊ីដាច់គ្រឹបៗតែម្ដង។

ប្រភពដដែលនេះ បន្ថែមទៀតថា ក្រៅពីករណីស៊ីដាច់អង្ករជំនួយ និងប្រាក់ញើសឈាមមន្ត្រីនេះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន​ក៏បានឲ្យមនុស្សជំនិតរបស់ខ្លួន ដើរប្រមូលលុយដោយគាបសង្កត់អ្នករស៊ី ក្នុងនោះ មានលោកវរសេនីយ៍ទោ លឹម ឧសភា ដើរប្រមូលលុយពីក្រុមឈ្មួញឈើ និងទំនិញនៅតាមផ្លូវជាតិលេខ៤ និងម្តុំក្រាំងចេកផងដែរ។

ដោយឡែក មេបញ្ជាការស្រុកមួយចំនួន ក៏បានរអ៊ូរទាំផងដែរថា តាំងពីមេ ជូ សារុន មកកាន់តំណែងកាលណា មេបញ្ជាការតាមបណ្តាស្រុកនានាទូទាំងខេត្តម្នាក់ៗ ស្ទើរខ្សោះខ្យល់អស់ហើយ ដោយប្រឹងប្រែងស្វែងរកលាភសក្ការៈយកទៅសែនមេ ដើម្បីកុំឲ្យមានការដោះដូរចេញពីមេស្រុកថែមទៀតផង។

ទោះបីជាមានការរិះគន់ និងចោទប្រកាន់បែបណាក្ដី លោកឧត្តមសេនីយ៍ ជូ សារុន បានឆ្លើយបដិសេធយ៉ាងខ្លី តាមបណ្ដាញសង្គម WhatsApp កាលពីពេលថ្មីៗនេះថា ជារឿងមិនពិតនោះទេ ហើយលោកក៏មិនបានប្រព្រឹត្តដូចការលើកឡើងរបស់មន្ត្រីមួយចំនួននេះដែរ។ យ៉ាងណា គេនៅរង់ចាំអ៊ុតមើលលទ្ធផលនៃការចុះធ្វើអធិការកិច្ចរបស់ថ្នាក់លើ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ស្អែកនេះ ថាតើពិតជាកើតមានករណីដូចការចោទប្រកាន់ ឬក៏គ្មាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post