header ads

Sponsor

រិទ្ធី

នៅក្នុងរដូវកាន់បិណ្ឌភ្ជុំបិណ្ឌ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន និងពលទាហាន នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលមានមូលដ្ឋាននៅខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០១៨។ នេះបើយោងតាមការចុះផ្សាយក្នុងគេទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា នេះគឺជាប្រពៃណីដ៏ល្អមួយរវាងសមភូមិក្រោយជួយឧបត្ថម្ភដល់សមរភូមិមុខ ហើយវាក៏ជាវប្បធម៌ចែករំលែកផងដែរ ដែលក្រសួងបរិស្ថាន រួមជាមួយវិស័យឯកជន បានចងសម្ព័ន្ធមេត្រីភាពរជាមួយកងកម្លាំងបញ្ជាការដ្ឋានយោធភូមិភាគទី១។

កូនប្រុសសម្តេច​ សាយ ឈុំ បានចាត់ទុកថាការជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ព នៅពេលនេះ គឺជាការរំលឹកគុណដល់អ្នកមានគុណ ក្នុងនោះមានកងខេមរភូមិន្ទ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ឈរជើងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរគុណ ដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ដែល បានលះបង់ គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី របស់យើងឲ្យបានគង់វង្ស និងផ្តល់នូវសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិ។

បើយោងតាម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធ បំពេញកាតព្វកិច្ចការពារ បូរណភាពទឹកដី និងខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋក្នុងវិស័យការពារជាតិឱ្យមានការរីកចម្រើន។

នៅក្នុងពិធីជួបសំណេះសំណាល ឯកឧត្តម សាយ សំអាល់ បានផ្តល់អំណោយជូនដល់កងទ័ព មាននំអន្សម ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ មី ត្រីខ អង្ករ តង់ និងថវិកាផ្តល់ជូនកងទ័ពនៅបញ្ជាការដ្ឋានយោធពលភាគទី១ បន្ថែមទៀត។

សូមបញ្ជាក់ថានៅរាត្រីថ្ងៃដដែលនេះដែរ ឯកឧត្តម សាយ សំអាល់ បានឧបត្ថម្ភពិធីពិសារអាហារសាមគ្គីជាមួយនាយទាហាន និងពលទាហានផងដែរ។ នេះជាការបញ្ជាក់របស់ក្រសួងបរិស្ថាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post