រិទ្ធី

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់តាំងក្រុមការងារ ដើម្បីចុះជួយដឹកនាំពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម នៅខេត្តព្រះសីហនុ ដែលមាន នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិជាប្រធាន ក្រុមការងារនេះអមដោយមន្រ្តីជាន់ខ្ពស់១០រូបផ្សេងទៀត ។ នេះបើយោងតាមលិខិតបង្គាប់ការ របស់អគ្គស្នងការនគរបាលជាតិចុះថ្ងៃទី៣១​ ខែសីហា ឆ្នាំ ២០១៨ ។

ការចាត់តាំងក្រុមការងារនេះដើម្បីឆ្លើយតបទៅនឹងរឿងអវិជ្ជមានដែលបានកើនមានគួរឱ្យបារម្ភ។ ជាញឹកញ៉ប់ មានសេចក្តីរាយការពីការបង្កភាពអសន្តិសុខ សំណាក់ជនជាតិចិន ដូចជាការបើកបរបង្កមានគ្រោះថ្នាក់ចរាចរណ៍ ការបង្កហិង្សា អំពើចោរកម្មជាដើម។

នៅខេត្តព្រះសីហនុ របាយការណ៍ខ្លះបាន​ប៉ាន់ស្មាន​ថា ជនជាតិចិន មានប្រមាណជាង ២០ភាគរយនៃប្រជាជន     សរុប កើនឡើងប្រហែល ១២៦ភាគរយ ធៀបនឹងឆ្នាំ២០១៧។ ការវិនិយោគ​ចិន​យ៉ាង​ច្រើន ជា​ពិសេស ក្នុងវិស័យ​អចលនទ្រព្យបាន​កំពុង​រីកដូច​ផ្សិត។ ទោះ​ជាយ៉ាង​ណា ការសាងសង់ទីក្រុងទំនើប និងមានតម្លៃថ្លៃ ទាំង​នោះ ត្រូវ​បាន​អ្នកជំនាញ​វាយ​តម្លៃថា មិន​ស័ក្តិសម​នឹង​​កម្រិតជីវភាព​របស់​ពលរដ្ឋកម្ពុជាជាទូទៅ​នោះ​ទេ តែវាសម្រាប់ជន​បរទេស​ដែល​មាន​លុយ​ច្រើន។

ការវិនិយោគជារួម​បាន​កើនឡើង​ពី​ប្រមាណ ២០០លានដុល្លារអាមេរិក ដល់​ ៤,៨ពាន់លានដុល្លារអាមេរិក​ ត្រឹម​ចន្លោះឆ្នាំ២០១៥ និង​២០១៦។

ភ្ញៀវទេស​ចរ​ចិនច្រើនជាង ១,២លាន​នាក់ បាន​មក​ទស្សនា​ប្រទេសកម្ពុជា កាល​ពី​ឆ្នាំ​មុន ហើយអាច​កើនឡើង​ដល់ ២លាននាក់​នៅ​ឆ្នាំ​២០២០។ ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត ទម្ងន់​នៃ​ការ​វិនិយោគ​របស់​ចិន​មាន​ទំហំ​ធំធេងណាស់។ 

តែទោះជាយ៉ាងណា  នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំ​ពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា វត្តមានជនជាតិចិន​នៅខេត្តព្រះសីហនុ ផ្តល់ផល​ល្អ ច្រើន​ជាង​ផល​អាក្រក់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor