header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្នុងសម័យប្រជុំបោះឆ្នោតជ្រើសក្បាលម៉ាស៊ីនរដ្ឋសភា ក្នុងការផ្តល់សេចក្តីទុកចិត្ត ដើម្បីឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មី សម្ដេចតេជោ ហ៊ុន សែន ដែលបានក្លាយជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិទី៦នេះ បានប្ដេជ្ញាចិត្តដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ដើម្បីធានាអនុវត្តន៍ឲ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានសន្យាដោយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សគ្រប់គ្រងរាជរដ្ឋាភិបាល នាពេលបោះឆ្នោតកន្លងទៅ។

ការជ្រើសរើសសមាជិកសភា អាណត្តិទី៦ថ្មី និងសមាជិករាជរដ្ឋាភិបាលនេះ បន្ទាប់ពីរដ្ឋសភា បានបើកសម័យប្រជុំលើកដំបូង កាលពីថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីប្រកាសសុពលភាពសមាជិករដ្ឋសភាទាំងអស់១២៥រូប ក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

ក្នុងសម័យប្រជុំ ដើម្បីបោះឆ្នោតជ្រើសក្បាលម៉ាស៊ីនរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្ត ដល់សមាជិករាជរដ្ឋាភិបាល នៅថ្ងៃទី៦ ខែកញ្ញានេះ សម្ដេចតេជោ មានប្រសាសន៍ថា “ក្នុងនាមនៃប្រមុខរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ខ្ញុំក៏សូមសន្យា និងធ្វើការប្ដេជ្ញាជាឱឡារឹក ចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេសថា ខ្ញុំនឹងប្ដូរផ្ដាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានាអនុវត្តន៍ឲ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅមុនកាលបោះឆ្នោត ហើយទើបបានដាក់ជូនរដ្ឋសភា បណ្ដុះបណ្ដាលនាពេលនេះ”

សម្ដេចបន្ដថា ជាពិសេសយកចិត្តទុកដាក់ នូវវិធានការជាក់ស្ដែង ជាអាទិភាពទាំង៤ ដែលត្រូវអនុវត្តន៍នៅឆ្នាំ២០១៩ខាងមុខ រួមមាន ទី១- បន្ដបង្កើនប្រាក់ឈ្នួលកម្មករ និងរៀបចំបើកប្រាក់ឈ្នួលក្នុងរយៈពេល២សប្ដាហ៍ម្ដង, ទី២- បន្ដបង្កើនប្រាក់បៀវត្សរ៍ និងប្រាក់សោធនិវត្តន៍ជូនមន្ដ្រីរាជការ ក្នុងរយៈពេល២សប្ដាហ៍ម្ដង តាមប្រព័ន្ធធនាគារ, ទី៣- បញ្ចុះតម្លៃអគិ្គសនី និងទី៤- ដាក់ឲ្យអនុវត្តន៍កម្មវិធីគោលនយោបាយគាំពារសង្គម។

ក្នុងនាមរាជរដ្ឋាភិបាលថ្មី សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់ពលរដ្ឋខ្មែរគ្រប់រូប និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តន៍កម្មវិធីនយោបាយឲ្យទៅជាចលនារួមគ្នាដ៏ខ្លាំងក្លា និងធ្វើយ៉ាងឲ្យជោគជ័យ ក្នុងកម្មវិធីគោលនយោបាយថ្មី ដើម្បីដាក់ជូនពលរដ្ឋខ្មែរគ្រប់ៗគ្នាផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post