អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីនរបាលមួយរូប កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ថ្មីៗនេះ បានកាន់ប្រកាសដើរអួតមន្ត្រី និងមហាជនតាមតុកាហ្វេថា មិនយូរនោះទេ ខ្លួនត្រូវប្រកាសចូលកាន់តំណែងជាអធិការ ខណៈអធិការចាស់ ត្រូវផ្លាស់ទៅកាន់តំណែងថ្មីនៅស្នងការខេត្តវិញ។

មន្ត្រីនគរបាលរូបនោះ ត្រូវបានស្គាល់ និងដឹងថា ឈ្មោះ អ៊ុំ ចំរើន ឋានៈអនុសេនីយ៍ឯក ជាអធិការរងទទួលផែនសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។

មានការលើកឡើងថា លោក អ៊ុំ ចំរើន បាននិយាយអួតក្តែងៗ តាមតុកាហ្វេថា ខ្លួនមានឪធម៌ពាក់ផ្កាយ៤។ ដូច្នេះ ខ្លួនចង់ទៅកាន់តំណែងអ្វីនៅកំពង់ស្ពឺនេះ ក៏បានដែរ តែឥឡូវត្រូវកាន់តំណែងជាអធិការសិន។ ប្រភពបន្តថា មិនត្រឹមតែប៉ុណ្ណោះ គាត់បានអួតទៀតថា ថ្ងៃបន្តនឹងឈោងទៅកាន់តំណែងជាស្នងការខេត្តទៀតផង។

ការនិយាយអួតបែបនេះ ត្រូវបានមហាជនរិះគន់ថា "បើទោះជាមានៀធម៌ពាក់ផ្កាយ៤ ចាំជួយជ្រោមជ្រែងក្តី ក៏មិនគួណា ដើរនិយាយអួតតាមកន្លែងសាធារណៈបែបនេះដែរ ព្រោះថា វាជារឿងដែលមិនសមគួរនោះទេ។ ម្យ៉ាង ថ្នាក់ដឹកនាំគាត់អាចតែងតាំងយើងបាន ក៏អាចដកយើងវិញបានដែរ នៅពេលណាមួយ ដែលកើតមានបទល្មើស ហើយយើងបង្ក្រាប និងទប់ស្កាត់មិនបាន"។

ដោយឡែក មន្ត្រីនគរបាលតាមបណ្តាប៉ុស្តិ៍នានា ក្នុងស្រុកបសេដ្ឋ បានសម្ដែងនូវភាពភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ថា មិនគួរណាមានការដោះដូរតំណែងអធិការលឿនបែបនេះសោះ។ គេនាំគ្នាខ្សឹបខ្សៀវថា ទំនងប្រហែលលោកអធិការចាស់ ជាមនុស្សគ្មានខ្សែបក្ខពួក និងខ្នងបង្អែកដូចគេហើយមើលទៅ ទើបត្រូវដូរដាក់អ្នកមានខ្នងបង្អែកលឿនបែបនេះ។

អ្វីដែលកូនចៅថ្នាក់ក្រោមបានដឹង គឺអធិការចាស់ឡើងតំណែងតាមរយៈមេបក្សស្រុក (អតីតអភិបាលស្រុកចាស់ ឈ្មោះ ណុប គឹមស្រេង) ដែលមើលឃើញពីសមត្ថភាព និងស្នាដៃការងាររបស់គាត់សម្រេចបាន ទើបស្នើសុំទៅថ្នាក់ដឹកនាំខេត្ត តាមរយៈជួរបក្សឲ្យកាន់តំណែងនេះ តែមិនបានប៉ុន្មានផង ក៏ត្រូវអ្នកមានខ្សែ និងខ្នងបង្អែក ដណ្តើមយកតួនាទីនេះទៅបានដោយសុវត្ថិភាព។

មហាជនជាច្រើននៅទូទាំងស្រុកបសេដ្ឋ បានលើកឡើងថា អ្នកដែលត្រូវផ្លាស់ប្តូរ គួរតែអធិការនគរបាលស្រុកថ្ពង លោក ហ៊ុន សុខហុន  ឯណោះទេ ព្រោះគាត់មានរឿងអាស្រូវជាច្រើន រហូតដល់មានការប្តឹងដល់សម្តេចក្រឡាហោម ទៀតផង។

សូមបញ្ជាក់ថា តាមប្រកាសក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ហើយបញ្ជូនមកដល់ស្នងការដ្ឋាននគរបាលខេត្ត នាវេលាម៉ោង២៖១០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ បានសម្រេចផ្ទេរ និងតែងតាំងតំណែងលោកវរសេនីយ៍ទោ យ៉ាង សុខលី ពីអធិការ នៃអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ទៅជានាយរងការិយាល័យប្រឆាំងគ្រឿងញៀន ហើយលោកអនុសេនីយ៍ឯក អ៊ុំ ចំរើន ពីអធិការរង ទៅជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋវិញ។

មជ្ឈដ្ឋានមហាជន រង់ចាំមើលថា តើនៅពេលប្រកាសលោក អ៊ុំ ចំរើន ចូលកាន់តួនាទីជាអធិការ អាចនឹងមានការប្រកាសដកលោក ហ៊ុន សុខហុន ដែរឬទេ ព្រោះថា រវាងចំណារ និងហត្ថលេខារបស់សម្តេចក្រឡាហោម ដែលសម្រេចដកលោក ហ៊ុន សុខហុន ជាយូរមកហើយនោះ នៅមិនទាន់បានធ្វើនៅឡើយទេ។ មហាជនសង្ឃឹមថា សម្តេចនឹងពិនិត្យមើលបញ្ហានេះ ជាក់ជាមិនខានឡើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បាននិយាយថា ការដោះដូរមន្ត្រីជាការធម្មតាក្នុងរបត់ការងារ គឺតែងតែមានការផ្លាស់ប្ដូរអញ្ចឹងហើយ ដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែល្អ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post