
ក្រោយពីតុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យអាជ្ញាធរស្វែងរកចាប់ខ្លួន និងឃុំលោកគឹម សុខ ក្នុងសំណុំរឿងថ្មី ដែលប្តឹងដោយរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លោក គឹម សុខ ដែលកំពុងស្ថិតនៅក្រៅប្រទេស បានអះអាងថា៖ លោកស្ម័គ្រដើរចូលគុកដោយខ្លួនឯង ប្រសិនបើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យល់ព្រមលើលក្ខខណ្ឌរបស់លោក២ចំណុចនោះ។

លក្ខខណ្ឌទាំង២ គឺទីមួយ ត្រូវព្រមសន្យាការពារសុវត្ថិភាពកូនស្រីតូចរបស់លោក និងទី២ លោកនាយករដ្ឋមន្រ្តីត្រូវហ៊ានឡើងសវនាការ តតាំងគ្នាដោយផ្ទាល់ជាមួយលោក ក្នុងនាមជាដើមបណ្តឹង។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការលើកឡើងរបស់លោក គឹម សុខ នេះថា មានចេតនាខាងនយោបាយ និងជារឿងដែលមិនអាចទៅរួចនោះទេ។ លោកបានគូសបញ្ជាក់ទៀតថា លោក គឹម សុខ ដែលជាចុងបណ្តឹងគ្មានសិទ្ធិដាក់លក្ខខណ្ឌលើដើមបណ្តឹងឡើយ ហើយរឿងនេះ គឺជារឿងផ្លូវច្បាប់ដែលវាអាស្រ័យទាំងស្រុងទៅលើតុលាការ។
ចំណែកឯ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា នៅពេលនេះអាជ្ញាធរកម្ពុជាកំពុងស្វែងរកចាប់ខ្លួន លោក គឹម សុខ តាមដីកាបង្គាប់របស់តុលាការហើយ។ ប៉ុន្តែបើតាមព័ត៌មាន លោក គឹម សុខ បានចាកចេញទៅក្រៅប្រទេស តាំងពីមុនមានដីកាកោះហៅគាត់ចូលតុលាការមកម្លេះ។
គួររំលឹកថា លោក គឹម សុខ អ្នកវិភាគនយោបាយ បានចាកចេញពីប្រទេសកម្ពុជាទៅកន្លែងសុវត្ថិភាពជាមួយកូនស្រីម្នាក់ ក្រោយពីសម្តេច ហ៊ុន សែន ព្រមានចាប់ដាក់គុកសារជាថ្មី បើគ្មានលុយសងជំងឺសម្តេច។