header ads

Sponsor

រិទ្ធី

ចិនបានបញ្ចប់គម្រោងការសិក្សាស្រាវជ្រាវ និងគ្រោងផ្តើមការជួលជុលប្រាសាទព្រះវិហារឆាប់ៗ។ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភរិក្ស និងការលើកតម្លៃព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ី-ព្រះវិហារ (ICC- Preah Vihear) នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំគណៈកម្មាធិការ អាយស៊ីស៊ី-ព្រះវិហារ ដឹកនាំដោយសហប្រធាន ប្រទេសចិន និងប្រទេសឥណ្ឌា និងប្រទេសជាសមាជិកចំនួន ៦ទៀត រួមមាន ប្រទេសប៊ែកហ្សិក បារាំង ជប៉ុន សាធារណរដ្ឋកូរ៉េ ថៃឡង់ដ៍ និងសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីអ្នកជំនាញជាតិ និងអន្ដរជាតិ ដើម្បីពិភាក្សាគ្នាអំពីយន្តការនៃការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកែរ។

យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា កិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការ ICC-Preah Vihear នៅឆ្នាំនេះផ្តោការពិភាក្សាអំពីការងារកំណាយបុរាណប្រព័ន្ធបង្ហូរទឹកប្រាសាទព្រះវិហារ ការរៀបចំទីតាំងបដិសណ្ឋារកិច្ចលើភ្នំប្រាសាទព្រះវិហារ ការរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកែរ និងការងារចាំបាច់មួយចំនួនផ្សេងៗទៀត។

តាមប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​មានប្រសាសន៍ថា៖ សហប្រធាន​ចិន និង​ឥណ្ឌា នឹង​បង្ហាញ​ពី​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ដែល​ខ្លួនបានធ្វើ នៅ​តំបន់​ប្រាសាទព្រះវិហារ​។ តាម​ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្រោយ​កិច្ចប្រជុំ​នេះ គេ​នឹង​ដឹង​ពី​ពេលវេលា​ជាក់លាក់ នៃ​ការចាប់ផ្តើម​ការងារ​ជួសជុល​របស់​ប្រទេស​ចិន​។ តាម​គម្រោង ចិន នឹង​ជួសជុល​គោ​បុ​រៈ​ទី​១ ទី​២ និង​ទី​៣ នៃ​ប្រាសាទព្រះវិហារ​។ 

គួរបញ្ជាក់ថា អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្រៃ្ដយ៍ ICC-Preah Vihear តែងតែរៀបចំកិច្ចប្រជុំនេះ២ដងក្នុងមួយឆ្នាំ ដែលរួមមានកិច្ចប្រជុំពេញអង្គរៀបចំនៅរៀងរាល់ខែមិនា និងកិច្ចប្រជុំបច្ចេកទេស តែងរៀបចំនៅរាល់ខែកញ្ញា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post